ទូតកម្ពុជាស្វាគមន៍អ្នកសារព័ត៌មានកូរ៉េមកផ្សាយការពិតពីកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​លោក ឃួន ផុនរតនៈ ស្វាគមន៍​ការ​យក​អ្នក​សារព័ត៌មាន​កូរ៉េ​មក​កម្ពុជា​ ដើម្បី​យក​ព័ត៌មាន​ពិត​ក្រោយ​កម្ពុជា​ បាន​បង្ក្រាប​ឧក្រិដ្ឋកម្ម​អនឡាញ​ចេញ​ពី​ប្រទេស​។

លោកបានឲ្យដឹង​ថា ​ការផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ ​នឹង​ផ្ដល់​ទំនុក​ចិត្ត​ដល់​វិនិយោគិន និង​ភ្ញៀវ​ទេសចរណ៍​កូរ៉េ​លើប្រទេស​កម្ពុជា​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុង​ជំនួប​ជាមួយ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន Daejoo KC នៅ​ស្ថានទូត​កម្ពុជា​នាទីក្រុង​សេអ៊ូល ព្រឹក​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៦​ ដែល​បាន​បង្ហោះ​លើ​ហ្វេសបុក​ផេក​ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ លោក ឃួន ផុនរតនៈ បាន​លើក​ឡើង​ពី​បំណង​របស់​​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ស្ដារ​ទំនាក់​ទំនង​ជាមួយ​កូរ៉េ​ខាង​ត្បូង​ទៅ​រក​ភាព​ប្រក្រតី​វិញ បន្ទាប់​ពី​មាន​បញ្ហា​ឧក្រិដ្ឋកម្ម​អនឡាញ​បាន​កើត​ឡើង​កន្លង​មក​។

លោក​បាន​បញ្ជាក់​ថា “កម្ពុជា​ស្វាគមន៍​ ការ​ចុះ​មក​ផ្សាយ​អំពី​ការ​ពិត​នៅ​កម្ពុជា ​ពី​ការ​បង្ក្រាប​បទ​ល្មើស​អនឡាញ​ ទៅ​កាន់​វិនិយោគិន និង​ភ្ញៀវទេសចរ​កូរ៉េ​”។

ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន Daejoo KC លោក Park Joo Bong បាន​លើក​ឡើង​ថា​កូរ៉េ​ នៅ​តែ​ផ្ដល់​សារៈសំខាន់​ដល់​ទំនាក់ទំនង​ជាមួយ​កម្ពុជា។

លោក​បន្ថែម​ថា ​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ​នេះ ​លោក​នឹង​ដឹក​នាំ​អ្នក​វិនិយោគ និង​អ្នក​កាសែត​កូរ៉េ​មក​កម្ពុជា​ផងដែរ​ ដើម្បី​បង្ហាញ​ពី​បរិយាកាស​វិនិយោគ និង​ឱ្យ​អ្នក​យក​ព័ត៌មាន​ បាន​រាយការណ៍​ពី​តថភាព​ក្នុង​ប្រទេស​កម្ពុជា​ដល់​ប្រជាជន​កូរ៉េ​ផង​ដែរ​។

លោក ឃួន ផុនរតនៈ ​បាន​បញ្ជាក់​ទៅ​ភាគី​កូរ៉េ​ថា ​ស្ថានទូត​នឹង​ជួយ​សហការ​រៀបចំ ​ជំនួប​រវាង​ប្រតិភូ​លោកPark ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា​លើ​ករណី​នេះ​ផងដែរ​។

បន្ទាប់​ពី​មាន​ករណី​និស្សិត​កូរ៉េ​ម្នាក់​ បានស្លាប់​នៅ​ភ្នំ​បូកគោ ខេត្ត​កំពត​ កាលពី​ខែ​តុលា ឆ្នាំ​២០២៥ ពាក់ព័ន្ធ​នឹង​ឧក្រិដកម្ម​ឆបោក​អនឡាញ​ សាធារណ​រដ្ឋ​កូរ៉េ​បាន​ចាត់​ថ្នាក់​តំបន់​មួយ​ចំនួន ​ស្ថិត​ជា​តំបន់​ហាម​ប្រាម​​កម្រិត​ខ្ពស់​ និង​បញ្ជូន​មន្ត្រី​ជា​បន្ទាប់​មក​កម្ពុជា ​ដើម្បី​ដោះស្រាយ​បញ្ហា​ជនជាតិ​កូរ៉េ​ ជាប់​ក្នុង​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​នៅ​កម្ពុជា​ផងដែរ​ រហូត​ឈាន​ដល់​ការ​បង្កើត​ក្រុមការងារ​រួម​កម្ពុជា ​-កូរ៉េ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២៥​ផងដែរ។

នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២៦ នាយករដ្ឋមន្ត្រី​កម្ពុជា​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ប្រកាស​លើ​បណ្ដាញ​សង្គម​របស់​សម្ដេច​ថា “ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា គឺ​ជា​ចំណុច​ដ៏​សំខាន់​នា​ពេល​នេះ​ខណៈ​កម្ពុជា​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​បោស​សម្អាត​ បណ្ដាញ​ឧក្រិដ្ឋកម្ម​តាម​អនឡាញ​នៅ​កម្ពុជា ​ឱ្យ​អស់​ត្រឹម​ខែ​មេសា​ខាង​មុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here