ដោយៈ ម៉ាណា
តូក្យូៈ តាមរយៈក្រសួងបរិស្ថាននៃប្រទេសទាំងពីរ ភាគីកម្ពុជាជប៉ុន បានចុះអនុស្សារណៈកិច្ចសហប្រតិបត្តិការ (MoC) លើកិច្ចការពារបរិស្ថាន ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាព។
អនុស្សារណៈត្រូវបានចុះហត្ថលេខា រវាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ISHIHARA Hirotaka រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) ដែលបានចុះហត្ថលេខានាឱកាសនេះ ផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៤ រួមមាន៖
ទី១៖ ការកាត់បន្ថយ និងការសម្របខ្លួន ទៅនឹងការប្រែប្រួលអាកាសធាតុ
កម្ពុជាមានគោលបំណងកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឲ្យបាន៥៥%ត្រឹមឆ្នាំ២០៣៥ ដោយផ្តោតលើវិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងការគ្រប់គ្រងសំណល់។
ទី២.៖ សេដ្ឋកិច្ចចម្រុះ (Circular Economy)៖
ផ្តល់អាទិភាពដល់ការគ្រប់គ្រងសំណល់ប្លាស្ទិក និងការប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់អនាគតដែល “ស្អាត បៃតង និងចីរភាព”។
ទី៣៖ ការការពារការបំពុល
កម្ពុជាមានបំណងធ្វើទំនើបកម្មប្រព័ន្ធតាមដានគុណភាពខ្យល់ ដី និងទឹក ដើម្បីការពារសុខភាពសាធារណៈឲ្យកាន់តែប្រសើរ
ទី៤៖ ការអភិរក្សជីវៈចម្រុះ
ការទទួលស្គាល់ប្រព័ន្ធអេកូឡូស៊ីធម្មជាតិថាជា “ហេដ្ឋារចនាសម្ព័ន្ធធម្មជាតិ”។ ការការពារ និងស្តារឡើងវិញវា គឺមានសារៈសំខាន់ចំពោះការសម្រេចបានគោលដៅ អព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ២០៥០។
លោកបណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា នេះ គឺជាចំណុចសំខាន់ក្នុងប្រវត្តិសាស្ត្រ ខណៈដែលបហរទេសទាំងពីរបានធ្វើឱ្យមានសុពលភាពជាផ្លូវការ លើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) នេះ។
លោកបញ្ជាក់ថា “កិច្ចព្រមព្រៀងនេះ មិនមែនគ្រាន់តែជាឯកសារមួយប៉ុណ្ណោះទេ ប៉ុន្តែវាជាសញ្ញាបង្ហាញពីភាពរឹងមាំ នៃភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែងរវាងកម្ពុជា និងជប៉ុន ក្នុងការស្វែងរកការរួបរួមគ្នាដើម្បីការពារបរិស្ថាន ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាព”។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន យើងទទួលស្គាល់ថា ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងការបាត់បង់ជីវចម្រុះ គឺជាការគំរាមកំហែងគ្មានព្រំដែន។ ការដោះស្រាយបញ្ហាទាំងនេះ តម្រូវឱ្យមានសកម្មភាពសម្របសម្រួល និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ សម្រាប់កម្ពុជា បញ្ហាទាំងនេះគឺជាអាទិភាពជាតិ ដែលបានបញ្ចូលក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចចម្រុះវិលជុំ (Circular Strategy on Environment 2023–2028) និងយុទ្ធសាស្ត្រជីវចម្រុះជាតិ។
រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានបន្ថែមថា ដំណើររបស់កម្ពុជាត្រូវបានកសាងឡើងឈរលើសន្តិភាព និងស្ថិរភាព ដែលបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្តល់មូលដ្ឋានសម្រាប់ការបន្តនៃស្ថាប័ន។ សព្វថ្ងៃនេះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានលើកកម្ពស់ការប្តេជ្ញាចិត្តរបស់កម្ពុជានៅលើឆាកពិភពលោក៕








