ដោយៈ ម៉ាណា
ភ្នំពេញៈ តើធនាគារ និងសហគ្រាសធុនតូច និងមធ្យម(SMEs) នឹងអាចចូលរួមក្នុងផ្សារហ៊ុនក្នុងចំនួនច្រើនដែរឬទេ ហើយប្រសិនបើពួកគេចូលរួម ទីផ្សារភាគហ៊ុនរបស់កម្ពុជា អាចផ្លាស់ទីលើសពីមូលដ្ឋានបច្ចុប្បន្នរបស់ខ្លួន ដែលមានក្រុមហ៊ុនចុះបញ្ជីចំនួន១២ ដោយដាក់គ្រឹះ សម្រាប់ទីផ្សារមូលធនកាន់តែស៊ីជម្រៅ ធន់ និងរស់រវើកជាងមុនបានឬទេ។
ទីផ្សារមូលធនរបស់កម្ពុជា ឈរជើងនៅដំណាក់កាលដ៏សំខាន់មួយ ខណៈដែលនិយ័តករធ្វើចលនា ពង្រីកការចូលរួមលើសពីមូលដ្ឋានតូចចង្អៀតនៃក្រុមហ៊ុនចុះបញ្ជី។
នៅក្នុងផែនការយុទ្ធសាស្ត្ររយៈពេល១០ឆ្នាំ២០២៥- ២០៣៥ ដែលទើបដាក់ចេញថ្មីៗនេះ និយ័តករមូលបត្រកម្ពុជា (SERC) បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ ប្រកបដោយមហិច្ឆតា សំដៅពន្លឿនការអភិវឌ្ឍទីផ្សារមូលធន ដោយផ្តោតជាពិសេសលើការលើកទឹកចិត្តធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងសហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា (CSX)។
ការជំរុញនេះ ឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងមួយ។ ជាងមួយទសវត្សរ៍បន្ទាប់ពីCSX បានចាប់ផ្តើមប្រតិបត្តិការ មានតែក្រុមហ៊ុនចំនួន១២ប៉ុណ្ណោះ ដែលត្រូវបានចុះបញ្ជី ដែលជាចំនួនតិចតួចបំផុតសម្រាប់ទំហំសេដ្ឋកិច្ចដូចកម្ពុជា។
ឥឡូវនេះ និយ័តករសង្ឃឹមថា ការទាញយកផលប្រយោជន៍ពីវិស័យហិរញ្ញវត្ថុដ៏ធំទូលាយ និងមូលដ្ឋានសហគ្រាសធុនតូច និងមធ្យមរបស់ប្រទេស អាចផ្តល់នូវទំហំ និងសន្ទនីយភាព ដែលទីផ្សារខ្វះខាតជាយូរមកហើយ។
ធនាគារភាគច្រើនអវត្តមានពីទីផ្សារមូលធន
វិស័យធនាគារ និងហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា នៅតែមិនសូវមានតំណាងច្រើននៅលើផ្សារហ៊ុន។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា ប្រទេសកម្ពុជាមានអង្គភាពហិរញ្ញវត្ថុ ដែលបានចុះបញ្ជីចំនួន ៣,៦៥១ ដែលភាគច្រើនជាអង្គភាពប្តូរប្រាក់ និងអ្នកផ្តល់សេវាកម្មជំនួយ។ នៅក្នុងប្រព័ន្ធនេះ អង្គភាពចំនួន២៨៤ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រួមមានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនជួល។
ទោះបីជាមានទំហំនេះក៏ដោយ មានតែធនាគារអេស៊ីលីដា ភីអិលស៊ី ប៉ុណ្ណោះដែលបានចុះបញ្ជីភាគហ៊ុនរបស់ខ្លួននៅលើ CSX ដោយធ្វើឡើងនៅឆ្នាំ២០២០។ គ្រឹះស្ថានហិរញ្ញវត្ថុធំៗផ្សេងទៀត ដូចជាធនាគារ ហត្ថា, អិលអូអិលស៊ី ខេមបូឌា, ធនាគារ ABA, ធនាគារ ប្រាសាក់ (KB-Prasac) និង ធនាគារភ្នំពេញពាណិជ្ជ បានងាកទៅរកទីផ្សារសញ្ញាបណ្ណ ដើម្បីបង្កើនដើមទុន ដែលតម្រូវការបង្ហាញព័ត៌មានត្រូវបានគេយល់ថា មិនសូវមានបន្ទុកច្រើន និងការចេញមូលបត្រមានភាពបត់បែនជាង។
គំរូនេះបង្ហាញពីបញ្ហាប្រឈមស្នូលមួយ សម្រាប់និយ័តករ៖ ការបញ្ចុះបញ្ចូលធនាគារថាអត្ថប្រយោជន៍ នៃការចុះបញ្ជីមូលធន ភាពមើលឃើញកាន់តែច្រើន ការទទួលបានមូលនិធិកាន់តែទូលំទូលាយ និងអភិបាលកិច្ចប្រសើរឡើង លើសពីការចំណាយលើតម្លាភាព និងអនុលោមភាព។
សហគ្រាសធុនតូច និងមធ្យម (SMEs)មានច្រើន ប៉ុន្តែលទ្ធភាពចូលទីផ្សារមានកម្រិត
វិស័យសហគ្រាសធុនតូច និងមធ្យម (SME) បង្ហាញពីឱកាសដែលមិនទាន់បានប្រើប្រាស់ធំធេង។
នៅកម្ពុជា សហគ្រាសធុនតូចត្រូវបានកំណត់និយមន័យ ជាទូទៅថាមានដើមទុនចន្លោះពី៥០,០០០ ដុល្លារ ទៅ២៥០,០០០ដុល្លារ ខណៈដែលសហគ្រាសធុនមធ្យម មានដើមទុនចន្លោះពី ២៥០,០០០ ដុល្លារ ទៅ ៥០០,០០០ ដុល្លារ។
ទិន្នន័យពីរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្ហាញថាមានសហគ្រាសធុនតូច ដែលបានចុះបញ្ជីចំនួន៣,០៣៥ និងសហគ្រាសធុនមធ្យមដែលបានចុះបញ្ជីចំនួន៥៣០ នៅទូទាំងប្រទេស។
យ៉ាងណាក៏ដោយ ការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងទីផ្សារមូលធននៅតែតូច ដែលឆ្លុះបញ្ចាំងពីឧបសគ្គដែលនៅតែបន្តកើតមាន ដូចជាការបង្ហាញព័ត៌មានហិរញ្ញវត្ថុមានកម្រិត រចនាសម្ព័ន្ធអភិបាលកិច្ចសាជីវកម្មខ្សោយ និងការលំបាកក្នុងការបំពេញតាមតម្រូវការចុះបញ្ជី។
ទោះបីជាការសិក្សាជាច្រើន និងរបាយការណ៍របស់រដ្ឋាភិបាលទទួលស្គាល់ថា សហគ្រាសធុនតូច និងមធ្យមប្រឈមមុខនឹងបញ្ហាក្នុងការទទួលបានហិរញ្ញវត្ថុ ពីទាំងធនាគារ និងវិនិយោគិនខាងក្រៅ – ឫសគល់រចនាសម្ព័ន្ធនៃបញ្ហាប្រឈមទាំងនេះ នៅតែមិនទាន់ត្រូវបានដោះស្រាយឱ្យបានពេញលេញ៕









