កម្ពុជារៀបចំអភិវឌ្ឍន៍វង់ទស្សនាតាមប្រាសាទ ដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវទេសចរ

ដោយៈ ឆាយ ផាន់នី

    សៀមរាបៈ អាជ្ញាធរជាតិអប្សរា បន្តរៀបចំអភិវឌ្ឍន៍វង់ទស្សនាតាមប្រាសាទ និងបង្កើតផលិតផលទេសចរណ៍ថ្មី ឱ្យបានកាន់តែច្រើនកន្លែងថែមទៀត។

ការរៀបចំនេះ ធ្វើឡើងក្នុងគោលបំណង ធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនារមណីយដ្ឋានអង្គរ ទទួលបានបទពិសោធន៍ល្អ និងអាចពន្យារការស្នាក់នៅបានយូរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា កំពុងសិក្សារៀបចំទៅលើវង់ទស្សនាជាច្រើន នៅតំបន់អង្គរ តាមរយៈការដំឡើងបរិក្ខារទេសចរណ៍ ដែលអាចផ្តល់ព័ត៌មានបន្ថែមអំពីប្រាសាទនីមួយៗដល់ទេសចរជាតិ និងអន្តរជាតិនូវចំណុចទាក់ទាញ រយៈពេលនៃការទស្សនា ព្រមទាំងប្រវត្តិនៃប្រាសាទផង ដើម្បីលើកទឹកចិត្តដល់ទេសចរ។ ពិសេស ភ្ញៀវទេសចរជាតិ មកទស្សនាប្រាសាទនានា នឹងយល់ដឹងរឿងរ៉ាវប្រវត្តិសស្រ្ត ប្រវត្តិសិល្បៈច្រើនជាងមុន។

លោកបន្តថា ការសិក្សារៀបចំវង់ទស្សនាទាំងនោះ បានធ្វើនៅតាមប្រាសាទជាច្រើនក្នុងវង់តូច និងវង់ធំរួចមកហើយ គឺខ្វះតែការដំឡើងបរិក្ខារ ទេសចរណ៍មួយចំនួនឱ្យរួចរាល់ ទើបដាក់ឱ្យអនុវត្តដូចប្រាសាទផ្សេងៗ។

កន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានប្រកាសដាក់ឱ្យដំណើរការវង់ទស្សនាជាផ្លូវការមួយចំនួនដូចជា នៅប្រាសាទភ្នំក្រោម ប្រាសាទនាគព័ន្ធ ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងប្រាសាទអង្គរវត្តជាដើម។

ប្រសិនបើអាចបំពាក់បរិក្ខាររួចរាល់ គឺអាចនឹងប្រកាសឱ្យប្រើប្រាស់វង់ទស្សនាថ្មីចំនួន២បន្ថែមទៀត គឺប្រាសាទព្រះខ័ន និងប្រា​សាទតាកែវ។ អាជ្ញាធរជាតិអប្សរា ក៏កំពុងសិក្សាវង់ទស្សនាទៅកាន់ប្រា​សាទបន្ទាយធំ ក្បាលស្ពាន និងប្រាសាទមួយចំនួនទៀត ដែលទេសចរមិនសូវចាប់អារម្មណ៍ រួមមាន ប្រាសាទចៅស្រីវិបុល ក្រុមប្រាសាទតំបន់រលួស និងប្រាសាទបេងមាលា។

នេះជាការកែសម្រួលបន្ថែម លើផលិតផលទេសចរណ៍ឱ្យមានភាពទាក់ទាញ និងលើកទឹកចិត្តឱ្យទេសចរ ចូលទៅទស្សនាប្រាសាទជាច្រើនដែលពួកគេពុំធ្លាប់បានទៅពីមុន និងជាជម្រើសសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាតំបន់អង្គរលើកទី២ ឬលើកទី៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here