ដោយៈ ម៉ាណា
ភ្នំពេញៈ អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ លោក អានូដ ដាក សហប្រធានក្រុមការងារ “ឃ” តំណាងផ្នែកឯកជន។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់អនុសហប្រធានក្រុមការងារ “ឃ” តំណាងផ្នែកឯកជន តំណាងក្រុមការងារបច្ចេកទេសពន្ធដារផ្នែកឯកជន តំណាងសមាគមធនាគារនៅកម្ពុជា តំណាងសមាគមឧស្សាហកម្មយាន្តយន្តកម្ពុជា តំណាងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា តំណាងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងតំណាងក្រុមហ៊ុន សហគ្រាសឯកជនពាក់ព័ន្ធ ក្នុងវិស័យពន្ធដារជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលខាងមុខនេះ។
ជាលទ្ធផល កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់ដែលនៅសល់ លើកឡើងនូវបញ្ហាប្រឈមថ្មី ក៏ដូចជាបិទបញ្ចប់បញ្ហាមួយចំនួនរបស់ផ្នែកឯកជនមួយចំនួនរួមមាន៖
បញ្ហាប្រឈមថ្មី៖ ១. បញ្ហាទាក់ទងនឹងប្រកាសលេខ ១១៧ ព.ណ.ចបព.ប្រក របស់ក្រសួងពាណិជ្ជកម្មស្តីពី ការធ្វើសាមញ្ញាកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម បញ្ហាប្រឈមចាស់៖ ១.ការលក់នៅខាងក្រៅព្រំដែន។ ២. ពន្ធលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម។
៣. បញ្ហានៃការបង់ពន្ធលើតម្លៃបន្ថែម ៤. ការចេញពន្ធរបស់អ្នកចែកចាយលើពន្ធ១% លើប្រាក់ចំណូល ៥. បញ្ហានៃការបង្កើតស្ថាប័នមួយសម្រាប់ទទួលខុសត្រូវ លើការដោះស្រាយវិវាទបំណុល ដែលមានទ្រព្យធានា រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ៕








