ERIAសន្សាជម្រុញកិច្ចសហការនិងគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ ថ្នាក់ដឹកនាំវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA)ប្តេជ្ញាសហការគាំទ្រក្រសួងទេសចរណ៍ លើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលលោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia: ERIA) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍ និងវិទ្យាស្ថាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្រ្តី បានជម្រាបជូនលោក Tetsuya Watanabe ប្រធាននៃវិទ្យាស្ថានស្រាវ​ជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) អំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងវិទ្យាស្ថាន ដែលបានចាប់ផ្តើមចាប់តាំងពីឆ្នាំ២០១២ ដោយគិតត្រឹមឆ្នាំ២០២៦ នេះ គឺមានរយៈពេល១៤ឆ្នាំ។

លោកបន្តថា តាមរយៈទំនាក់ទំនងដ៏ល្អនេះ ដែលបានប្រែក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកផ្សេងៗទៀត ជាពិសេសក្នុងវិស័យទេសចរណ៍ ដែលបានទទួលកិច្ចសហប្រតិបត្តិការគាំទ្រ ជាបន្តបន្ទាប់ពីវិទ្យាស្ថានរហូតមក។​

លោកហួត ហាក់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកប្រធានវិទ្យាស្ថាន និងវិទ្យាស្ថានចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងការគំាទ្រ ក្រសួងទេសចរណ៍ទាំងនៅក្នុងប្រទេស ក្របខ័ណ្ឌអាស៊ាន តំបន់ និងអន្តរជាតិរហូតមក។

ឆ្លៀតក្នុងឱកាសនៃជំនួបពិភាក្សា ផ្លាស់ប្តូរយោបល់ស៊ីជម្រៅ លោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) បានថ្លែងអំពីចំណាប់អារម្ម​ណ៍ លើកការធានាបាននូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយដែលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ធានាបានគឺពិតជាកត្តាដ៏សំខាន់ និងចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ជាពិសេសគឺវិស័យទេសចរណ៍។

លោកសាស្រ្តាចារ្យប្រធានវិទ្យាស្ថាន ក៏បានគូសបញ្ជាក់ពីសក្តានុពលទេសចរណ៍ ដ៏សំបូរបែបដែលកម្ពុជាមាន គួបផ្សំជាមួយស្ថានភាពភូមិសាស្រ្តពិត ផ្តល់នូវលក្ខណៈល្អប្រសើរ ដល់ការអភិវឌ្ឍទេសចរណ៍ និងចូលរួមចំណែក ជម្រុញសេដ្ឋកិច្ចកម្ពុជា ឱ្យមានសន្ទុះបន្ថែមទៀត។

តាមរយៈជំនួបពិភាក្សាការងារ ផ្លាស់ប្តូរទស្សនៈប្រកបដោយលទ្ធផលជាផ្លែផ្កា គូភាគីប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការ ដោយភាគីវិទ្យាស្ថាន បានទទួលពិនិត្យលទ្ធភាព លើសំណើសុំជំនួយគំាទ្របច្ចេក​ទេសអ ភិវឌ្ឍវិស័យទេសចរណ៍ពីក្រសួងទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here