ដោយៈ ម៉ាណា
សៀមរាបៈ លោកសុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលជាអធិបតីភាព ក្នុងវេទិកាគោលនយោបាយថ្នាក់ខេត្ត នៃកម្មវិធីពន្លកចំណេះ ឆ្នាំ២០២៦។
កម្មវិធីនេះមានការចូលរួមពីលោកស្រី Kirsty Harris Harris ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា លោកស្រី Meloney C. Lindberg តំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា និងមន្រ្តីពាក់ព័ន្ធ។
លោក សុខ ថុល អភិបាលរងខេត្ត បានលើកឡើងថា វេទិកានាថ្ងៃនេះ គឺជាសក្ខីភាពនៃការប្ដេជ្ញាចិត្តរួមគ្នា រវាងរដ្ឋបាលសាធារណៈ និងដៃគូអភិវឌ្ឍន៍ ក្នុងការលើកកម្ពស់ការប្រើប្រាស់ចំណេះដឹង ដើម្បីជាមូលដ្ឋានគ្រឹះ ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋាន។
លោកបន្តថា វេទិកាគោលនយោបាយថ្នាក់ខេត្ត នៃកម្មវិធីពន្លកចំណេះឆ្នាំ២០២៦ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់ស្ថាប័នស្រាវជ្រាវ ក៏ដូចជា អ្នករៀបចំគោលនយោបាយនៅថ្នាក់ក្រោមជាតិ។
សម្រាប់ខេត្តសៀមរាបយើង ការអភិវឌ្ឍដែលប្រកបដោយចីរភាព និងបរិយាបន្នមិនអាចខ្វះបានឡើយ នូវការសិក្សាស្រាវជ្រាវដែលច្បាស់លាស់ និងប្រាកដនិយម។ គោលនយោបាយដែលប្រសូត្រចេញពីទិន្នន័យ និងចំណេះដឹងពិតប្រាកដ នឹងជួយឱ្យយើងដោះស្រាយបញ្ហាប្រឈមនានាបានចំគោលដៅ មិនថាលើវិស័យទេសចរណ៍ កសិកម្ម បរិស្ថាន ឬការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនោះឡើយ។
លោកបានបន្តថា វេទិកានេះ ក៏ជាកាលានុវត្តភាពដ៏វិសេសវិសាល សម្រាប់យើងទាំងអស់គ្នាក្នុងការផ្លាស់ប្ដូរយោបល់ ពិភាក្សា និងស្វែងរកដំណោះស្រាយថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សហគមន៍។
លោកបញ្ជាក់ថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា តាមរយៈការតភ្ជាប់រវាង អ្នកស្រាវជ្រាវចំណេះដឹង និងទិន្នន័យ ជាមួយអ្នកអ្នករៀបចំគោលនយោបាយ យើងនឹងអាចសម្រេចបាននូវ ការអភិវឌ្ឍមូលដ្ឋានឱ្យក្លាយជាតំបន់គំរូ ដែលសម្បូរទៅដោយសក្ដានុពល និងការច្នៃប្រឌិត”។
លោកបន្ថែមថា ព្រឹត្តិការណ៍នេះ គឺផ្តោតលើការធ្វើឱ្យគោលនយោបាយមាន “ជីវិត” តាមរយៈទិន្នន័យពិតពីមូលដ្ឋានដូចជា ទី១ ការតភ្ជាប់សំឡេងមូលដ្ឋានទៅថ្នាក់ជាតិ៖ បង្កើតស្ពានចម្លងបទពិសោធន៍ និងទិន្នន័យផ្ទាល់ពីថ្នាក់ខេត្ត ទៅកាន់អ្នកធ្វើសេចក្តីសម្រេចចិត្តគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យគោលនយោបាយជាតិ ឆ្លុះបញ្ចាំងពីតម្រូវការពិតរបស់ពលរដ្ឋ។
ទី២ ការលើកកម្ពស់គោលនយោបាយ ផ្អែកលើភស្តុតាង (Evidence-based): បង្ហាញឱ្យឃើញថា ការតាក់តែងគោលនយោបាយដែល “ឆ្លាតវៃ” គឺត្រូវតែផ្អែកលើទិន្នន័យច្បាស់លាស់ និងការចូលរួមមតិយោបល់ ពីគ្រប់ភាគីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ។ ទី៣ ការបង្ហាញលទ្ធផល ពាក់កណ្តាលអាណត្តិ (PCII 2023–2027):បង្ហាញពីសមិទ្ធផលជាក់ស្តែង នៃការស្រាវជ្រាវ និងការអនុវត្តដែលកម្មវិធីពន្លកចំណេះបានគាំទ្រ ដើម្បីបញ្ជាក់ពីប្រសិទ្ធភាព នៃវិធីសាស្ត្រការងារនៅតាមបណ្តាខេត្តគោលដៅ។
ទី៤ ការកសាងបណ្តាញសម្ព័ន្ធភាពទិន្នន័យ៖ ពង្រឹងកិច្ចសហការ និងការយល់ដឹងរវាង រាជរដ្ឋាភិបាល រដ្ឋបាលមូលដ្ឋាន ស្ថាប័នស្រាវជ្រាវ និងសហគមន៍ដើម្បីបង្កើតឱ្យមាន”ប្រព័ន្ធអេកូឡូស៊ីចំណេះដឹង” មួយដែលជួយគ្នាទៅវិញ ទៅមកក្នុងដំណើរការនយោបាយ៕









