រដ្ឋមន្រ្តីពាណិជ្ជកម្មពិភាក្សាជាមួយមន្រ្តីអារ៉ាប៊ី សាអូឌីតលើការពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោកWaleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា និងគណៈប្រតិភូសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗ ក្នុងការបន្តលើកស្ទួយកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត។

នាឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបជូនពីបច្ចុប្បន្នភាពថ្មីៗពាក់ព័ន្ធ នឹងគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក្នុងការកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគិនបរទេស និងបង្កើនភាពប្រកួតប្រជែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម  លោកWaleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម លោកWaleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា

លោកជំទាវ ក៏បានអញ្ជើញគណៈប្រតិភូធុរកិច្ច អារ៉ាប៊ីសាអូឌីត ពិចារណាវិនិយោគ នៅតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ផលិតផលហាឡាល។

ជាកិច្ចឆ្លើយតប លោកប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា បានកត់សម្គាល់ពីភាពរីកចម្រើន នៃវិស័យពាណិជ្ជកម្មរបស់កម្ពុជា និងជម្រាបជូនអំពីបំណង ក្នុងការរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតនៅកម្ពុជា នាពេលអនាគត។

លោកក៏បានថ្លែងអំណរគុណ ចំពោះការស្វាគមន៍របស់កម្ពុជា និងបានគូសបញ្ជាក់ថាកម្ពុជា គឺជាច្រកដ៏សំខាន់សម្រាប់ការធ្វើសមាហរណកម្មពាណិជ្ជកម្ម ក្នុងតំបន់អាស៊ាន និងមានចក្ខុវិស័យអភិវឌ្ឍស្របតាមSaudi Vision 2030។

ភាគីទាំងពីរ បានប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការអនុវត្តផែនការសកម្មភាពការងារក្រោមក្របខណ្ឌ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជំរុញទំនាក់ទំនងពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស (GAFT) នៃប្រទេសអារ៉ាប៊ីសាអូឌីត ប្រកបដោយប្រសិទ្ធិភាព និងមានសុទិដ្ឋិនិយមថា តាមរយៈការបង្កើតក្រុមប្រឹក្សា ធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ នឹងផ្សាភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធិ ដែលនឹងផ្តល់ភាពងាយស្រួល ក្នុងការពង្រីកប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here