ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងអង្គពិធីបិទសន្និបាត លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានរាយការណ៍ពីលទ្ធផលការងារឆ្នាំ២០២៥ ដែលក្រសួងសម្រេចបាន និងលទ្ធផលរបស់អង្គសន្និបាត ដែលបានរៀបចំរយៈពេល១ថ្ងៃកន្លះកន្លងមក និងលើកទិសដៅការងារឆ្នាំ២០២៦។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា ក៏បានជម្រាបជូនអង្គសន្និបាតជ្រាបផងដែរថា ពិធីសន្និបាតនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន អាចពិភាក្សាផ្លាស់ប្តូរយោបល់ និងពិនិត្យវាយតម្លៃលើវឌ្ឍនភាពការងារ ដោះស្រាយបញ្ហាប្រឈម និងសំណូមពរ រួមទាំងលើកទិសដៅជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យកាន់ប្រសើរឡើងថែមទៀត។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានោះ លោកឧបនាយករដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុត ពីសំណាក់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា រួមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដោះស្រាយនូវបញ្ហាប្រឈម ប្រកបដោយភាពបុរេសកម្ម រហូតសម្រេចបាននូវសមិទ្ធផលធំៗជាច្រើននៅក្នុងឆ្នាំ២០២៥ ដោយឆ្លើយតបបានទៅនឹងអាទិភាពនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងចក្ខុវិស័យរបស់ក្រសួង ជាពិសេសគោរពតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង១១ចំណុចរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលបានណែនាំ និងតម្រង់ទិសដល់ក្រសួងសាធារណការ និងដឹកជញ្ជូន នាឱកាសនៃពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥កន្លងទៅនេះ។
លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រ ចំពោះទិសដៅការងារទាំងឡាយ ដែលអង្គសន្និបាតសម្រេចដាក់ចេញ សម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២៦ ជាពិសេសការដាក់ចេញនូវយន្តការគន្លឹះ និងយុទ្ធសាស្ត្រសំខាន់ៗរបស់ក្រសួង ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលសម្រេចបាននាពេលកន្លងមក និងបានផ្ដល់អនុសាសន៍ចំនួន៩ចំណុច ដើម្បីជំរុញល្បឿនការងារ នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ក៏ដូចជា តម្រង់ទិសលើការងារអាទិភាព ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការប្រែក្លាយបញ្ហាចំពោះមុខនានា ឱ្យទៅជាកាលានុវត្តភាព សំដៅឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រកបដោយភាពជាក់ស្ដែង និងប្រាកដនិយម៕











