ដោយៈ ម៉ាណា
ភ្នំពេញៈ អ្នកជំនាញអន្តរជាតិមកពីស្ថាប័ន CGIFបានបង្ហាញចំណាប់អារម្មណ៍ចង់ជម្រុញ ពង្រីកទីផ្សារមូលធននៅកម្ពុជាឲ្យមានឱកាសរីកចម្រើនបន្ថែមទៀត។
ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលលោករ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Jerome Ferreria អ្នកជំនាញវិនិយោគ នៃស្ថាប័នធានាឥណទាន និងការវិនិយោគ (Credit Guarantee and Investment Facility – CGIF) កាលពីរសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។
គោលបំណងនៃជំនួបនេះ គឺដើម្បីជម្រាបជូនពីបច្ចុប្បន្នភាពនៃដំណើរការរបស់CGIF ផែនការយុទ្ធសាស្រ្ត និងការចូលរួមអភិវឌ្ឍទីផ្សារសញ្ញាបណ្ណនៅកម្ពុជា។ លើសពីនេះ CGIF បានរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពីទីផ្សារមូលធន តាមរយៈការរៀបចំកម្មវិធី សិក្ខាសាលា និងសន្និសីទនានា ដើម្បីជំរុញការបោះផ្សាយសញ្ញាបណ្ណជារូបិយវត្ថុក្នុងស្រុក និងផ្ដល់ទំនុកចិត្តដល់វិនិយោគិន។
លោក Jerome Ferreria ក៏បានសម្តែងពីចំណាប់អារម្មណ៍លើការពង្រីកទីផ្សារមូលធន នៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានបំណងពង្រឹងកិច្ចសហការគាំទ្រ ក្នុងការធ្វើសមាហរណកម្មក្នុងតំបន់ តាម រយៈការបោះផ្សាយ សញ្ញាបណ្ណឆ្លងដែន ដោយសាជីវកម្មកម្ពុជាផងដែរ។
ជាការឆ្លើយតប លោករ័ត្ន សុវណ្ណនរៈ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់CGIF ក្នុងការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណនៅកម្ពុជា និងការពង្រឹងទំនុកចិត្តរបស់វិនិយោគិន តាមរយៈការធានាលើការចេញផ្សាយសញ្ញាបណ្ណ។
ទន្ទឹមនេះ លោកទេសាភិបាលរងបានសម្តែងការគាំទ្រ លើគម្រោងរៀបចំសន្និសីទជាន់ខ្ពស់របស់CGIF នាពេលខាងមុខ ព្រមទាំងចាត់បញ្ជូនមន្រ្តីជាន់ខ្ពស់ ចូលរួមជាវាគ្មិនក្នុងកម្មវិធីនេះផងដែរ៕








