ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកឱក ប៊ុនបានអញ្ជើញជាអធិបតី ក្នុងពីធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី “វិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ” ជំនាន់ទី៤ និង “អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល” ជំនាន់ទី១៧។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានសម្ដែងនូវការអបអរសាទរ ចំពោះសិក្ខាកាមជ័យលាភីទាំងអស់ ដែលបានទទួលជោគជ័យក្នុងវគ្គបណ្តុះបណ្តាល ដ៏មានសារៈសំខាន់ទាំងពីរនេះ និងបានណែនាំឱ្យសិក្ខាកាមទាំងអស់ យកចំណេះដឹងដែលទទួលបាន ពីវគ្គបណ្ដុះបណ្ដាលនេះ យកទៅអនុវត្តក្នុងការងារជាក់ស្ដែង សំដៅលើកកម្ពស់ប្រសិទ្ធភាពវិស័យពាណិជ្ជកម្ម នៅកម្ពុជា។
លោកបន្តថា ការបញ្ចប់វគ្គបណ្ដុះបណ្ដាល របស់សិក្ខាកាមទាំងអស់នាពេលនេះ គឺបានបង្ហាញនូវសក្ខីភាពថ្មីមួយទៀត ក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្រសួងពាណិជ្ជកម្ម ដែលកន្លងមកបានបណ្តុះបណ្តាលជូនវិស័យឯកជនចំនួន១៨ជំនាន់ ជាលទ្ធផលមានសិក្ខាកាមប្រឡងជាប់ចំនួន៨០១នាក់ ក្នុងនោះស្រ្តី២៩១នាក់ និងសម្រាប់មន្រ្តីរាជការចំនួន៤ជំនាន់ សិក្ខាកាមប្រឡងជាប់ចំនួន១៧២នាក់ ក្នុងនោះស្រ្តី៦៥នាក់។
វគ្គបណ្តុះបណ្តាលស្តីពី វិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញបានផ្តោតលើវិធានដើម កំណើតទំនិញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេរភាគី និងនីតិវិធីនៃការនាំចេញ ជាពិសេសនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក៕








