ប្រធានសម្របសម្រូលប្រព័ន្ធអង្គការសហប្រជាជាតិថ្មីបង្ហាញវត្តមាននៅកម្ពុជាហើយ

ដោយៈ ចំណាន

    ភ្នំពេញៈ លោកឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជំនួបសម្ដែងការគួរសមពីលោកជំទាវ Vladanka Andreeva តំណាងប្រធានសម្របសម្រួល ប្រព័ន្ធអង្គការសហប្រជាជាតិ (អ.ស.ប.) តែងតាំងថ្មីប្រចាំកម្ពុជា។

ក្នុងជំនួបនេះ លោកទេសរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅ និងសម្ដែងការអបអរសាទរចំពោះ លោកជំទាវ Vladanka Andreeva ដែលត្រូវបានតែងតាំងជាអ្នកសម្របសម្រួលថ្មី របស់ប្រព័ន្ធ អ.ស.ប. ប្រចាំកម្ពុជា  ព្រមទាំងបញ្ជាក់ពីតួនាទីសំខាន់របស់ប្រព័ន្ធ អ.ស.ប. ក្នុងការគាំទ្រ ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការលើកកម្ពស់សុខុ​មាលភាពប្រជាជនកម្ពុជាកន្លងមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់អំពីស្ថានភាព និងទិសដៅសហប្រតិបត្តិការរវាងកម្ពុជា និងប្រព័ន្ធ អ.ស.ប. ជាពិសេសការគាំទ្រដល់ការអនុវត្តគោលដៅអាទិភាពជាតិ រួមមាន ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនការប្រកួតប្រជែង និងការពង្រឹងភាពធន់ ចីរភាព និងបរិយាប័ន្នក្នុងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងក្របខណ្ឌសហប្រតិបត្តិការរវាងកម្ពុជា និងប្រព័ន្ធ អ.ស.ប.។

ជាមួយគ្នានេះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរួមក្នុងការពង្រឹង ជាដៃគូកម្ពុជា-អ.ស.ប. ដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ ឱ្យឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងនាពេលបច្ចុប្បន្ន និងអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here