ដោយ៖ សហការី
ភ្នំពេញ៖ ឆ្លៀតក្នុងឱកាសនៃពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ដែលបានបំពេញភារកិច្ចប្រកបដោយការខិតខំប្រឹងប្រែង មានស្មារតីទទួលខុសត្រូវខ្ពស់ ពោលគឺបានចូលរួមចំណែកជាសមិទ្ធផលដ៏ត្រចះត្រចង់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
ក្នុងបរិយាកាសអធិកអធមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបំពាក់គ្រឿងឥស្សរិយយសនេះ គឺជាការទទួលស្គាល់ និងលើកទឹកចិត្តដ៏មានន័យ ចំពោះការលះបង់កម្លាំងកាយចិត្ត និងសមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីរាជការ ក្នុងការបម្រើប្រយោជន៍សាធារណៈ និងជាតិមាតុភូមិ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ដោយស្មារតីសាមគ្គី ភាពស្មោះត្រង់ និងការច្នៃប្រឌិតខ្ពស់ ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ឱ្យមានភាពរីកចម្រើន និងភាពប្រកួតប្រជែងទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។









