ដោយៈ ម៉ាលីនណា
ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាងរបាយការណ៍ វាយតម្លៃពាក់អាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ និងពិភាក្សាស្វែងរកយន្តការជំរុញ ការអនុវត្តគោលនយោបាយជាតិនេះ ឱ្យកាន់តែមានប្រសិទ្ធភាព។

ជាលទ្ធផល លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិនេះ និងកិច្ចសហប្រតិបត្តិការ យ៉ាងល្អប្រសើរពីអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នៅក្នុងវិស័យស្វាយចន្ទី និងបានកត់សម្គាល់ពីសមិទ្ធផលល្អប្រសើរ នៃការអនុវត្តគោលនយោបាយជាតិក្នុងរយៈពេល២ឆ្នាំកន្លះកន្លងមកនេះ។
លើសពីនេះ កិច្ចប្រជុំគណៈកម្មការនេះ បានពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមលើវិស័យនេះ និងបានពិនិត្យស្វែងរកដំណោះស្រាយសមស្រប ដើម្បីបង្កើនប្រសិទ្ធិភាពនៃការអនុវត្ត គោលនយោបាយជាតិនេះ និងជំរុញអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា៕










