ដោយៈ ម៉ាលីនណា
ភ្នំពេញៈ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំកិច្ចប្រជុំបូកសរុប សមិទ្ធផលការងារប្រចាំឆ្នាំ២០២៥ ផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២៦ និងទិសដៅការងារប្រចាំឆ្នាំ២០២៧។
លោកស៊ូ សុជាតិប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមូលបត្រកម្ពុជា និងមន្រ្តីពាក់ព័ន្ធបានចូលរួមក្នុងពិធីនេះ។
នៅក្នុងកិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញពីគ្រប់នាយកដ្ឋាននៃ ន.ម.ក. ដោយបង្ហាញអំពីសមិទ្ធផលការងារប្រចាំឆ្នាំ២០២៥ ផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២៦ និងទិសដៅការងារប្រចាំឆ្នាំ២០២៧ ព្រមទាំងមានការពិភាក្សាយ៉ាងផុសផុល ក្នុងកម្រិតថ្នាក់ដឹកនាំ និងមន្ត្រីរបស់ ន.ម.ក. លើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម កាលានុវត្តភាព និងដំណោះស្រាយ ដែលបានអនុវត្តកន្លងមក និងលើកឡើងនូវវិធីសាស្ត្រដើម្បីត្រៀមខ្លួន ក្នុងការអនុវត្តការងារនៅឆ្នាំបន្ទាប់ឱ្យកាន់តែប្រសើរ។
លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក បានវាយតម្លៃខ្ពស់ដល់មន្ត្រី និងថ្នាក់ដឹកនាំ ន.ម.ក. ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ ព្យាយាមបំពេញ និងបញ្ចប់ការងារទៅតាមផែនការគ្រោងទុក រហូតសម្រេចបានលទ្ធផលការងារគួរជាទីមោទកភាពសម្រាប់ឆ្នាំ២០២៥ និងបានបង្ហាញអំពីដំណោះស្រាយលើបញ្ហាប្រឈមនានាដែលមាន ព្រមទាំងណែនាំឱ្យមន្រ្តីជំនាញបន្តពង្រឹង និងបន្តអភិវឌ្ឍសមត្ថភាពខ្លួនបន្ថែម បន្តយកចិត្តទុកដាក់ខ្ពស់លើការបំពេញការងារទៅតាមតួនាទី និងភារកិច្ចរៀងៗខ្លួនប្រកបដោយវិន័យ ជំនាញវិជ្ជាជីវៈ ភាតរភាព និងសាមគ្គីភាព ការបង្កើតថ្មី និងការធ្វើពិពិធកម្មផលិតផលក្នុងទីផ្សារ។
ជាពិសេសបំពេញការងារផ្សារភ្ជាប់ ទៅនឹងផែនការមានលក្ខណៈបុរេសកម្ម និងកំណត់ទិសដៅការងារឱ្យបានច្បាស់លាស់ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យមូលបត្រ ២០២៥-២០៣៥ ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍវិស័យមូលបត្រ ប្រកបដោយសណ្តាប់ធ្នាប់ តម្លាភាព ជវភាព ភាពធន់ បរិយាបន្ន និរន្តរភាព និងនវានវុត្តន៍ និងមានទីផ្សារមួយដែលអភិវឌ្ឍស្របតាមឧត្តមានុវត្តអន្តរជាតិ និងសុចរិតភាពទីផ្សារពេញលេញ សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិទាំងមូល ក្នុងបរិបទប្រក្រតីភាពថ្មី៕









