រដ្ឋាភិបាលកំពុងរៀបចំអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់

ដោយៈ ម៉ាណា

    ភ្នំពេញៈ រាជរដ្ឋាភិបាលគិតតាំងពីអាណត្តិទី៦ រហូតដល់អាណត្តិទី៧នេះ បាននិងកំពុងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែនិងមជ្ឈមណ្ឌលឡូជីស្ទិកថ្នាក់តំបន់ ដោយមានការគាំទ្រពីរដ្ឋាភិបាលជប៉ុន។

ជាថ្មីម្តងទៀត លោកលូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាសហធិបតី ជាមួយលោកNAGASE Kensuke អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “គម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីក ថ្នាក់តំបន់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយពីការចាប់ផ្តើមអនុវត្ត គម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីក ថ្នាក់តំបន់ ក៏ដូចជាប្រមូលព័ត៌មាន-ធាតុចូលសំខាន់ៗ ពីក្រសួង-ស្ថាប័ន និងក្រុមហ៊ុនឯកជនពាក់ព័ន្ធ ដើម្បីឱ្យគម្រោងអភិវឌ្ឍន៍ផែនការមេនេះមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ស្របតាមការវិវត្តន៍សង្គម-សេដ្ឋកិច្ចកម្ពុជាជាក់ស្តែងនាពេលបច្ចុប្បន្ននិងនាពេលអនាគត។

ថ្លែងក្នុងនាឱកាសនោះ លោក NAGASE Kensuke អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការបញ្ជាក់ពីការបេ្តជ្ញារបស់រដ្ឋាភិបាលជប៉ុន ក៏ដូចជាទីភ្នាក់ងារJICA ក្នុងការគាំទ្រ ដល់គម្រោងអភិវឌ្ឍន៍ផែនការមេនេះ តាមរយៈជំនាញការរបស់ជប៉ុន ដែលពោពេញដោយជំនាញ សមត្ថភាព និងបទពិសោធន៍ខ្ពស់។

លោកប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល-ប្រជាជនជប៉ុន និងទីភ្នាក់ងារ JICA ដែលតែងតែបន្ដផ្ដល់ការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធិជាមួយកម្ពុជា លើការអភិវឌ្ឍវិស័យដឹកជញ្ជូន-ឡូជីស្ទីក និងកំពង់ផែនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំ-មន្រ្តីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន សូមវាយតម្លៃខ្ពស់ និងត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់កិច្ចសហការនានាតាមការចាំបាច់ សំដៅធ្វើយ៉ាងណាឱ្យការសិក្សារៀបចំផែនការមេនេះ មានភាពគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ត្រឹមត្រូវនិងសម្រេចបានលទ្ធផលតាមការគ្រោងទុក។

គម្រោងអភិវឌ្ឍន៍ផែនការមេនេះ គឺជាគំនិតផ្តួចផ្តើមរបស់ សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានស្នើសុំការគាំទ្រពីរដ្ឋាភិបាលជប៉ុន សម្រា​ប់​ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នូលក្នុងតំបន់ ដែលមិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏សម្រាប់បម្រើសេវាកំពង់ផែក្នុងតំបន់ និងលើសពីនេះទៅកាន់ពិភពលោក ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការតភ្ជាប់ ការសម្រួលពាណិជ្ជកម្ម និងការជំរុញការប្រកួតប្រជែងលើសេវា និងតម្លៃដឹកជញ្ជូនឡូជីស្ទីក និងការធ្វើសមាហរណកម្មរបស់កម្ពុជា ទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here