ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសកូរ៉េខាងត្បូងគ្រោងពន្លឿនការជំរុញការផ្គត់ផ្គង់លំនៅឋាននៅក្នុងតំបន់ Greater Seoul បន្ទាប់ពីវិធានការមួយចំនួនដែលត្រូវបានដាក់ចេញពីមុន មិនទាន់មានភាពគ្រប់គ្រាន់នៅឡើយ។
ផែនការនេះជាផ្នែកមួយនៃគម្រោងជំរុញការផ្គត់ផ្គង់លំនៅឋានឱ្យបានចំនួនជាង១,៤លានយូនីតទូទាំងប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេល៥ឆ្នាំ គិតរហូតដល់ឆ្នាំ២០៣០។
លោក Koo Yun-cheol រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានលើកឡើងថា អាជ្ញាធរកំពុងចាត់វិធានការដើម្បីដោះស្រាយបញ្ហាតម្លៃផ្ទះហក់ឡើងខ្ពស់ តាមរយៈការសាងសង់ផ្ទះប្រហែល៦០.០០០យូនីតចាប់ពីឆ្នាំ២០២៧។
លោកបន្តថា យើងក៏នឹងរៀបចំកំណែទម្រង់ស្ថាប័នជាក់ស្តែងឱ្យបានយ៉ាងឆាប់រហ័ស ក្នុងគោលបំណងជំរុញការផ្គត់ផ្គង់លំនៅឋាន និងគ្រោងប្រកាសដាក់ចេញនាពេលអនាគតដ៏ខ្លីខាងមុខនេះ។
គម្រោងថ្មីនេះផ្តោតលើប្រជាជនវ័យក្មេង ដោយមានផ្ទះប្រហែល៣២.០០០យូនីតនឹងត្រូវបានសាងសង់នៅទីក្រុងសេអ៊ូល ២៨.០០០យូនីតនៅខេត្ត Gyeonggi ។ គម្រោងនេះនឹងផ្តោតលើការអភិវឌ្ឍដីដែលមិនទាន់បានប្រើប្រាស់ក្នុងទីក្រុង។
តម្លៃអាផាតមុិននៅទីក្រុងសេអ៊ូលបានកើនឡើងជិត៩ភាគរយនៅឆ្នាំ២០២៥ ទោះបីជារដ្ឋាភិបាលកូរ៉េបានដាក់ចេញវិធានការជាបន្តបន្ទាប់យ៉ាងណាក្តី ដែលធ្វើឱ្យទស្សនវិស័យលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលកូរ៉េមានភាពស្មុគស្មាញ។
កំណើននៃតម្លៃលំនៅឋានបានជំរុញឱ្យមានការព្រួយបារម្ភអំពីបំណុលគ្រួសារ និងស្ថិរភាពហិរញ្ញវត្ថុ ដោយកាត់បន្ថយឱកាសរបស់ធនាគារកណ្តាលកូរ៉េក្នុងការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ៕ប្រភព: Bloomberg៕









