ដោយៈ ម៉ាណា
អន្តរជាតិៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានអនុញ្ញាតជូនលោក SHI ZHONGJUN អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន ជួបពិភាក្សាការងារទ្វេភាគី។
ក្នុងជំនួបនោះលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណនិងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ ជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន ក៏ដូចជាលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមក ដែលបានជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជា ដូចជាការបណ្តុះបណ្តាលការរៀបចំFAM TRIP និងការជំរុញនាំភ្ញៀវចិនមកកម្ពុជា តាមរយៈក្រុមហ៊ុនទេសចរណ៍របស់ចិន។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីចិន អំពីគោលការណ៍អនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ក្នុងអំឡុងរយៈពេលសាកល្បង៤ខែ (ពីថ្ងៃទី១៥ ខែមិថុនា ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦) ព្រមទាំងបានស្នើសុំមជ្ឈមណ្ឌលចិនអាស៊ាន បន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀតជាមួយភាគីកម្ពុជា ដើម្បីអនុវត្តគម្រោងសាកល្បងនេះ និងឆ្នាំទេសចរណ៍កម្ពុជា ចិន ២០២៥-២០២៦ ឱ្យបានជោគជ័យ។
ជាការឆ្លើយតប លោកអគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន -ចិន បន្តបេ្តជ្ញាជួយលើកកកម្ពស់ កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជា មានជាអាទិ៍ ការជួយកៀរគរវិនិយោគិន និងទេសចរចិនបន្ថែមទៀតមកកម្ពុជា ការរៀបចំវគ្គបណ្តុះបណ្តាល សម្រាប់មគ្គុទេសក៍ទេសចរណ៍ និងការបណ្តុះបណ្តាលផ្សេងៗទៀត តាមតម្រូវការរបស់កម្ពុជា ការគាំទ្រដល់ការអនុវត្តសកម្មភាពនានា ដែលស្ថិតនៅក្នុងក្របខណ្ឌនៃឆ្នាំទេសចរណ៍កម្ពុជា ចិន ២០២៥-២០២៦។
ការជំរុញការតភ្ជាប់ជើងហោះហើរត្រង់ និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពទេសចរ នៅតាមបណ្តាញសង្គម។
ក្នុងន័យនេះ មជ្ឈមណ្ឌលអាស៊ាន-ចិន ក៏បានអញ្ជើញភាគីកម្ពុជា ចូលរួមក្នុងវេទិកាស្តីពីការលើកកម្ពស់សុវត្ថិភាព និងសន្តិសុខទេសចរណ៍ ដែលនឹងរៀបចំឡើងនៅប្រទេសចិន ក្នុងឆ្នាំ២០២៦នេះ។ កម្ពុជា រីករាយស្វាគមន៍ចំពោះការអញ្ជើញនេះ និងមានជំនឿយ៉ាងមុតមាំថា តាមរយៈវេទិកាតំបន់នេះ។ កម្ពុជា នឹងលើកកម្ពស់ការផ្សព្វផ្សាយបន្ថែមទៀត ឱ្យបានទូលំទូលាយទៅកាន់ទីផ្សារចិន និងទីផ្សារតំបន់ ក៏ដូចជាពិភពលោកថា កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងមានសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងត្រៀមខ្លួនរួចរាល់ ដើម្បីទទួលស្វាគមន៍ទេសចរពីគ្រប់ទិសទីមកកម្ពុជា៕










