អាស៊ានដាក់ចេញផែនការទេសចរណ៍សម្រាប់រយៈពេលមធ្យម

ដោយៈ ចំណាន

    ហ្វីលីពីនៈ ក្រុមរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន បានដាក់ឱ្យប្រើប្រា ស់ផែនការទេសចរណ៍អាស៊ាន ឆ្នាំ២០២៦-២០៣០ ដើម្បីជំរុញកំណើនទេសចរណ៍ប្រកបដោយនិរន្តភាព និងបរិយាបន្ន។

នាឱកាសនៃវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសច​រ​ណ៍ និងអង្គភាពប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វ​ផ្សាយទេសចរណ៍កម្ពុជា ចូលរួមក្នុងសន្និសិទទេសចរណ៍អាស៊ាន ដោយមានការអញ្ជើញ ចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន តំណាងរដ្ឋមន្ត្រីទេសចរណ៍មកពីប្រទេសបូកបី (ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ), ឥណ្ឌា និង រុស្ស៊ី, តំណាងអគ្គលេខាធិការដ្ឋានអាស៊ាន, តំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងសារព័ត៌មានអន្តរជាតិល្បីៗនៅលើពិភពលោក ព្រមទាំងភ្ញៀវកិត្តិយសអន្តរជាតិជាច្រើនរូប ក្រោមបរិយា​កាសអធិកអធមនិងស្និទ្ធស្នាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្និសិទទេសចរណ៍អាស៊ាន គឺជាព្រឹត្តិការណ៍អមរៀបចំឡើង នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការនូវផែនការទេសចរណ៍អាស៊ាន ឆ្នាំ ២០២៦-២០៣០ ដែលជាផែនការមេតម្រង់ទិស និងកំណត់ទិសដៅយុទ្ធសាស្ត្រ សម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ក្នុងតំបន់អាស៊ាន សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ។

ផែនការនេះបញ្ជាក់ឡើងវិញ អំពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព ភាពធន់ និងមានសមត្ថភាពប្រកួតប្រជែង ដើម្បីផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច និងសង្គមរយៈពេលវែង ស្របតាមផែនការយុទ្ធសាស្ត្រ សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៦-២០៣០។

ដើម្បីសម្រេចនូវគោលបំណងអាស៊ាន ដែលជាគោលដៅទេស​ចរណ៍តែមួយនិងមានភាពចម្រុះ ផែនការខាងលើផ្តោតលើចំណុចអាទិភាពសំខាន់ៗ រួមមាន៖ (១) ការអភិវឌ្ឍវិស័យវិស័យទេសចរណ៍ប្រកបដោយភាពធន់, (២) ការពង្រឹងសមត្ថភាពកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍, (៣) ការកែលម្អការតភ្ជាប់និងហេដ្ឋារចនាសម្ព័ន្ធ, (៤) ការជំរុញទេសចរណ៍ឌីជីថល និងការធ្វើពិពិធកម្មផលិតផលនិងទីផ្សារ, និង(៥) ការជំរុញទេសចរណ៍ប្រកបដោយនិរន្តភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here