ដោយៈ ចំណាន
ភ្នំពេញៈ ក្រសួងទេសចរណ៍ ជាមួយក្រសួងធម្មការ និងសាសនាបានចុះMOUរួមគ្នា ដែលជាសក្ខីភាពមួយ ដែលបានបង្ហាញអំពីស្មារតីសហការយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍទេសចរណ៍សាសនា។
លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីស្តីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ទេសចរណ៍សាសនា” ពោលគឺដើម្បីបង្ហាញអំពីស្មារតីសហការយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចឱ្យបាននូវគោលបំណងបង្កើនការផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយអំពីសក្ដានុពលទេសចរណ៍សាសនានៅកម្ពុជា។ បង្កើនការទាក់ទាញភ្ញៀវទេសចរតាមរយៈការបង្កើត និងធ្វើពិពិធកម្មព្រឹត្តិការណ៍ទេសចរណ៍សាសនា នៅកម្ពុជា ការរៀបចំវគ្គបណ្ដុះបណ្ដាល ពាក់ព័ន្ធនឹងបដិសណ្ឋារកិច្ច និងមគ្គុទ្ទេសក៍សម្រាប់ទេសចរណ៍សាសនា និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីគាំទ្រដល់ការរៀបចំ ជាផលិតផលទេសចរណ៍សាសនា។
ឆ្លៀតក្នុងឱកាសនេះលោកហួត ហាក់ មានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានមូលដ្ឋានគ្រឹះ ដ៏រឹងមាំផ្អែកលើវប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនា។ សាសនា មិនត្រឹមតែជាគ្រឹះនៃជំនឿ និងសីលធម៌សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានស្នូលនៃការថែរក្សាសន្តិភាព និងសុខដុមនីយកម្មក្នុងសង្គម។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបន្តថា “ក្នុងបរិបទនេះ វិស័យទេសចរណ៍ និងវិស័យសាសនា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងអាចបំពេញឱ្យគ្នាទៅវិញទៅមក”។
ក្នុងន័យនេះ អនុស្សរណៈនៃការយោគយល់គ្នា គឺជាការបញ្ជាក់អំពីទស្សនវិស័យរួម ក្នុងការលើកកម្ពស់ទេសចរណ៍សាសនា និងទេសចរណ៍វប្បធម៌ ដោយការអភិវឌ្ឍវិស័យទេសចរណ៍ ត្រូវឈរលើគោលការណ៍ភាពធន់ និរន្តភាព បរិយាបន្ន និងត្រូវរក្សាអត្តសញ្ញាណវប្បធម៌ និងការគោរពនូវគុណតម្លៃរបស់សាសនាទាំងអស់។
តាមរយៈនេះ កិច្ចសហការជាមួយក្រសួងធម្មការ និងសាសនា គឺជាកត្តាលីករគន្លឹះដ៏សំខាន់ ក្នុងការបំលែងមរតកសម្បត្តិវប្បធម៌ និងសាសនា ទៅជាថាមពលអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជឿជាក់យ៉ាងមុតមាំថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងក្លាយជាគំរូនៃកិច្ចសហការអន្តរក្រសួង ដែលផ្តល់ផលប្រយោជន៍ជាក់ស្តែង ដល់វិស័យទេសចរណ៍ វិស័យសាសនា សហគមន៍មូលដ្ឋាន និងសង្គមជាតិទាំងមូល តួយ៉ាង អនុស្សរណៈនៃការយោគយល់គ្នានេះ ក៏នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរបន្ថែមមួយកម្រិតទៀត ស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្រោមស្មារតី រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ៕









