ដោយ: សហសេវិក
អន្តរជាតិ: ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមភាពមិនច្បាស់លាស់នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយពីធនាគារកណ្តាលអាមេរិកបានរក្សាអត្រាការប្រាក់ឱ្យនៅដដែល ហើយលោកប្រធាន Jerome Powell បានអះអាងថា ទស្សនវិស័យសេដ្ឋកិច្ចកំពុងមានភាពប្រសើរឡើង ដោយនាំឱ្យមានការផ្អាកការទម្លាក់អត្រាការប្រាក់។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,១២ភាគរយ គិតត្រឹមម៉ោង១២:០៩នាទី។
យ៉ាងណាមិញ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,០៩២ភាគរយ ខណៈផ្សារហ៊ុន Topix បានងើបឡើងថ្លៃ០,១៩ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៣៧ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានស្ថិតក្នុងសភាពទ្រឹង ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ០,០៥៨ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,០៧២ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៦៦ភាគរយ៕







