ដោយៈ ម៉ាណា
ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលា ស្តីពីពាណិជ្ជកម្មក្នុងប្រទេស និងការនាំចេញ រៀបចំទ្បើងដោយសភាពាណិជ្ជកម្មអន្តរជាតិ។
សិក្ខាសាលានេះ ត្រូវបានរៀបចំទ្បើងដោយសភាពាណិជ្ជកម្មអន្តរជាតិ ដែលមានការអញ្ជើញចូលរួម ពីតំណាងក្រុមហ៊ុនធុរកិច្ចនិងវិនិយោគជាតិ និងអន្តរជាតិ ព្រមទាំងតំណាងវិស័យឯកជនជាច្រើនរូប។
លោកជំទាវរដ្ឋមន្ត្រី បានថ្លែងស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមរៀបចំសិក្ខាសាលា ដ៏មានសារៈសំខាន់នេះទ្បើង ដែលផ្តល់ឱកាសដល់តំណាងវិស័យឯកជន បានជួបពិភាក្សាលើការវិវត្តថ្មីនៃស្ថានភាពពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា តំបន់និងសកលលោក ជាពិសេសដើម្បីអាចផ្លាស់ប្តូរយោបល់ និងលើកជាដំណោះស្រាយលើបញ្ហាប្រឈមនានាដែលបាន និងកំពុងជួបប្រទះ។

នាឱកាសនោះផងដែរ លោកជំទាវរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់វិស័យឯកជន ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរទ្បើងបន្ថែមទៀត នៃបរិយាការធុរកិច្ចនិងវិនិយោគ និងពង្រឹងនិងពង្រីកទីផ្សារនាំចេញ-នាំចូល។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបជូនអំពីសមិទ្ធផលការងារសំខាន់ៗ ដែលក្រសួងសម្រេចបាននាពេលកន្លងមក ជាពិសេសលើការងារធ្វើទំនើបកម្ម ការផ្តល់សេវាសាធារណៈក្រសួង តាមរយៈការដាក់ចេញនូវប្រកាសស្តីពី ការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម ដោយផ្តោតសំខាន់លើ ការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម ការធ្វើទំនើបកម្មការទូទាត់ កម្រៃសេវាសាធារណៈ និងការលើកលែងការផាកពិន័យ ខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ។
លោកជំទាវរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់តំណាងវិស័យឯកជនទាំងអស់ចូលរួមឱ្យបានផុសផុល ក្នុងកិច្ចពិភាក្សានេះ ជាពិសេសការចូលរួមផ្តល់ជាគំនិតយោបល់ និងធាតុចូល រួមចំណែកក្នុងការចូលរួមរៀបចំ និងអនវុត្តគោលនយោបាយ និងយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល សំដៅពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃ លើកកម្ពស់សកម្មភាពពាណិជ្ជកម្មក្នុងប្រទេស និងជំរុញការនាំចេញ៕








