ធនាគារពិភពលោកគាំទ្រគំរោងកែលម្អសន្តិសុខទឹកនៅកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង លោកហ៊ាន វណ្ណហន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍បេសកកម្មគាំទ្រ ការអនុវត្តគម្រោងលើកទី២ (Second Implementation Support Mission) នៃគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកប្រធានគ្រប់គ្រងគម្រោង គ្រប់ប្រធានផ្នែករួមមាន ផ្នែកហិរញ្ញវត្ថុ ផ្នែកលទ្ធកម្ម ផ្នែកបច្ចេកទេស ផ្នែកតាមដាននិងវាយតម្លៃ ផ្នែកយេនឌ័រ ផ្នែកគាំពារបរិស្ថាន ព្រមទាំងទីប្រឹក្សាជំនាញ និងមន្ត្រីពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គប្រជុំបានផ្តោតលើការពិភាក្សា លើលទ្ធផលដែលទទួលបានពីបេសកកម្មគាំទ្រការអនុវត្តកន្លងមក ដើម្បីវាយតម្លៃវឌ្ឍនភាព និងបញ្ហាប្រឈមនានាដែលកើតមាន ក្នុងដំណើរការអនុវត្តគម្រោង។

លើសពីនេះ ពិនិត្យរាល់សកម្មភាពដែលនឹងត្រូវអនុវត្តបន្ត និងជំរុញដល់គ្រប់ផ្នែកទាំងអស់ សម្រេចឱ្យបាននូវលទ្ធផល ដែលបានព្រមព្រៀងក្នុងរបាយការណ៍ នៃបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី២របស់ធនាគារពិភពលោក។

លោកនាយកគម្រោង បានផ្តល់អនុសាសន៍ឱ្យមន្ត្រីគ្រប់ផ្នែកទាំងអស់ រួមទាំងទីប្រឹក្សាគម្រោងផងដែរ បន្តសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីចូលរួមអនុវត្តសកម្មភាព ដែលមានលើកឡើងក្នុងរបាយការណ៍បេសកកម្មលើកទី២នេះ ឱ្យបានទាន់ពេលវេលា ដើម្បីសម្រេចឱ្យបានតាមផែនការនិងគោលដៅរបស់គម្រោង។

បេសកកម្មលើកទី២ របស់ក្រុមការងារធនាគារពិភពលោក បានធ្វើឡើងចាប់ពីថ្ងៃទី១ ខែធ្នូ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងនោះដែរ ក៏មានការចុះពិនិត្យទីតាំងអនុគម្រោង ស្ថិតក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគិរីផងដែរ ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធធារាសាស្ត្រ និងស្ថានភាពការងារកសិកម្ម វៃឆ្លាតរបស់កសិករនៅតំបន់គោលដៅគម្រោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here