ថ្នាក់ដឹកនាំNBCពិភាក្សាពីការរីកចម្រើនឆាប់រហ័សនៃរូបិយប័ណ្ណ ឌីជីថលជាមួយអ្នកជំនាញអន្តរជាតិ

ដោយៈ និស្ស័យ

    ភ្នំពេញៈ ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC)លោកជំទាវជា សិរី បានជួបជាមួយគណៈប្រតិភូនៃការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) កាលពីសប្តាហ៍មុន ដើម្បីពិភា​ក្សា​អំពីភាពធន់នៃសេដ្ឋកិច្ច ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃហិរញ្ញវត្ថុឌីជីថល និងតួនាទីកាន់តែសំខាន់នៃបញ្ញាសិប្បនិម្មិត នៅក្នុងវិស័យធនាគាររបស់ប្រទេសកម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលលោកជំទាវបានអនុញ្ញត្តឲ្យលោកYasuto Watanabe ប្រធានAMROនៅចូលជួបពិភាក្សាការងារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Yasuto Watanabe បានកោតសរសើរប្រព័ន្ធអេកូឡូស៊ីទូទាត់ឌីជីថលរបស់ប្រទេសកម្ពុជា ដោយសង្កត់ធ្ងន់ថា បច្ចុប្បន្ននវានុវត្តន៍របស់ព្រះរាជាណាចក្រកម្ពុជា គឺជាស្តង់ដារសកល។

លោកបានមានប្រសាសន៍ថា “ប្រទេសជាច្រើនឥឡូវនេះ សម្លឹងមើលប្រទេសកម្ពុជាជាគំរូ សម្រាប់ការអភិវឌ្ឍប្រព័ន្ធទូទាត់ ដែលមានប្រសិទ្ធភាព និងបរិយាបន្ន”។

លោកបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់AMRO ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស ជាមួយធនាគារជាតិនៃកម្ពុជា។

ជាការឆ្លើយតប លោកស្រីទេសាភិបាល ជា សិរី បានមានប្រ​សា​សន៍ថា សារៈសំខាន់ជាយុទ្ធសាស្ត្រ នៃការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ និងការអភិវឌ្ឍមុខងារប្រកបដោយនវានុវត្តន៍ ផ្តល់ភាពអំណោយផលដល់ការលើកកម្ពស់ប្រាក់រៀលនិងបរិយាបន្នហិរញ្ញវត្ថុ។

លោកស្រីបានថ្លែងអំណរគុណ ចំពោះការគាំទ្រជាបន្តបន្ទាប់របស់ AMRO ក្នុងការកសាងសមត្ថភាព សម្រាប់មន្ត្រីធនាគារជាតិនៃកម្ពុជា ដែលមានសារៈសំខាន់ ក្នុងការដោះស្រាយបញ្ហាប្រឈមថ្មីៗរបស់ធនាគារកណ្តាល។

ពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ច ភាគីទាំងពីរបានកត់សម្គាល់ពីនិន្នាការវិជ្ជមាន នៃកំណើនការនាំចេញរបស់កម្ពុជា ដោយមានផលិ​តផលកាន់តែសម្បូរបែប និងទីផ្សារកាន់តែច្រើនឡើង បើទោះបីជាវិស័យសំណង់និងអចលនទ្រព្យនៅមិនទាន់រឹងមាំក្តី៕

  

LEAVE A REPLY

Please enter your comment!
Please enter your name here