មន្រ្តីមកពី៦០ប្រទេសជួបជុំគ្នាក្នុងវេទិកាហិរញ្ញវត្ថុអាស៊ីនៅ ទីក្រុងហុងកុង

ដោយៈ ម៉ាណា

    ហុងកុងៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លីម ឡោកពិសិដ្ឋបានអញ្ជើញចូលរួមវេទិកា “ហិរញវត្ថុអាស៊ី ឆ្នាំ២០២៦” ដែលមានការចូលរួមពីវិស័យឯកជន និងមន្រ្តីរដ្ឋាភិបាលមកពី៦០ប្រទេស។

វេទិកានេះធ្វើឡើង ក្រោមអធិបតីភាពលោក John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល មកពីជុំវិញពិភពលោក ថ្នាក់ដឹកនាំនៃតំបន់រដ្ឋបាលពិសេសហុងកុង ធុរជន អ្នកជំនាញ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដែលមានអ្នកចូលរួមប្រមា​ណ៤០០០នាក់ មកពី៦០ប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វេទិកាដ៏មានសារៈសំខាន់នេះ រៀបចំឡើងចាប់ពីថ្ងៃទី២៦-២៧ ខែ​មករា ឆ្នាំ២០២៦ ក្នុងគោលបំណង ដើម្បីលើកកម្ពស់កិច្ចសហប្រតិ​បត្តិការ និងការធ្វើសមាហរណកម្ម ក្នុងវិស័យហិរញ្ញវត្ថុ សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងមានកិច្ចពិភាក្សាដោយផ្តោតសំខាន់ទៅលើសេដ្ឋកិច្ចសកល ពាណិជ្ជកម្មអន្តរជាតិ វិស័យហិរញ្ញវត្ថុ និងការវិវត្តថ្មីៗនៃភូមិសាស្ត្រនយោបាយអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនៃការចូលរួមក្នុងកម្មវិធីនេះ លោករដ្ឋលេខា​ធិការ ក៏បានជួបពិភាក្សាការងារអាហារថ្ងៃត្រង់ជាមួយលោក Paul Chan រដ្ឋមន្រ្តីហិរញ្ញវត្ថុ នៃតំបន់រដ្ឋបាលពិសេសហុងកុង លោកបណ្ឌិត Peter Lam ប្រធានក្រុមប្រឹក្សាទេសចរណ៍ហុងកុង និងជាអតីតប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងលោក Christopher Hui រដ្ឋមន្រ្តីក្រសួងសេវាហិរញ្ញវត្ថុ និងរតនាគារ តំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីពង្រឹងទំនាក់ទំនង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ទៅវិញទៅមករវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here