ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានស្ទុះងើបឡើងថ្លៃក្នុងការជួញដូរនៅថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគមានសុទិដ្ឋិនិយមចំពោះការចេញផ្សាយរបាយការណ៍ប្រាក់ចំណូលនាពេលខាងមុខពីបណ្តាក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៩៥ភាគរយ គិតត្រឹមម៉ោង១២:៤៤នាទី។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៦៩ភាគរយ ខណៈផ្សារហ៊ុន Topix បានងើបឡើងថ្លៃ០,២២ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,១៤ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,៣១ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ០,២៨ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ០,៩២ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ២,១១ភាគរយ៕







