ដោយៈ ម៉ាណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាអធារណការ និងដឹកជញ្ជូនបានជួបពិភាក្សា លើការរៀបចំគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។
កិច្ចប្រជុំកាលពីថ្ងៃទី២៦ មករា ដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមជំនាញការ នៃក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន(OCDI) និងក្រុមជំនាញការទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដឹកនាំដោយ លោក KOICHI MIYAKE ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យនិងពិភាក្សាលើការរៀបចំ នូវការងារអាទិភាព ផែនការសកម្មភាព និងការកំណត់ដំណោះស្រាយ លើបញ្ហាប្រឈមនានាក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។
តាមការគ្រោងទុក ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសហការជាមួយក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសជប៉ុនខាងលើ រៀបចំកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការសម្របសម្រួលរួម (1st JCC Meeting) នៃគម្រោងនេះ នៅចុងខែមករា ខាងមុខ៕









