ដោយៈ ម៉ាណា
ភ្នំពេញៈ ចំនួនក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) កើនដល់២៧ និងអាចប្រមូលមូលធនពីផ្សារហ៊ុនបានសរុបជាង៧០០ លានដុល្លារ ខណៈតាមការរំពឹងទុកនៅចុងឆ្នាំ២០២៦នេះ ការប្រមូលមូលធននឹងអាចកើនឡើងដល់១ពាន់លានដុល្លារ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនដូនពេញ អាហ្រ្គីកូ គឺក្រុមហ៊ុនវិនិយោគលើផ្នែកកសិកម្មខ្នាតធំ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបានបោះទុនវិនិយោគនៅខេត្តរតនគិរី និងខេត្តក្រចេះ។ ក្រុមហ៊ុននេះមានទិសដៅនាំចេញផលិតផលរបស់ខ្លួន ទៅទីផ្សារប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង វៀតណាម អាស៊ីកណ្តាល និងមជ្ឈឹមបូព៌ា។
ប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា លោក ហ៊ាន សាហ៊ីប បានចាត់ទុកការសម្រេចចិត្តរបស់ក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ ក្នុងការបោះផ្សាយលក់មូលបត្របំណុលនាពេលនេះ គឺជាគំរូដ៏ល្អមួយសម្រាប់សហគ្រាសក្នុងស្រុកដទៃទៀត ក្នុងការស្វែងរកប្រភពទុន រយៈពេលវែង និងមានតម្លៃទាប តាមរយៈទីផ្សារមូលបត្រកម្ពុជាដែលជាជម្រើសដ៏ល្អមួយ ក្នុងការផ្តល់នូវភាពងាយស្រួល រហ័ស និងបត់បែនខ្ពស់ ដល់ម្ចាស់សហគ្រាសទាំងក្នុង និងក្រៅប្រទេស។
លោកបន្តថា តំបន់ដែលក្រុមហ៊ុនវិនិយោគ គឺជាទីតាំងដែលរដ្ឋាភិបាលកម្ពុជា កំពុងផ្តល់ការលើកទឹកចិត្ត ឱ្យផ្នែកឯកជនទៅវិនិយោគក្រោម “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន រួមមានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី”។
ជាមួយគ្នានេះ អគ្គនាយកផ្សារមូលបត្រកម្ពុជា លោក ហុង សុហួរ អះអាងថា គិតត្រឹមថ្ងៃនេះផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន២៧ ដែលរួមមាន ក្រុមហ៊ុនចំនួន១២ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុន១៥ទៀត បានចុះបញ្ជីលក់មូលបត្របំណុល។ ក្រុមហ៊ុនទាំង២៧ បានប្រមូលទុនសរុបពីទីផ្សារមូលបត្រប្រមាណ៧០៣លានដុល្លារអាមេរិក។
អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ និយាយថា ភាពជោគជ័យនៃការបោះផ្សាយលក់ មូលបត្របំណុលរបស់ក្រុមហ៊ុន ដូនពេញ អាហ្វ្រីកូ សម្រាប់វិនិយោគិនគុណវុឌ្ឍិ បានបង្ហាញយ៉ាងច្បាស់ថា ទីផ្សារមូលបត្រកម្ពុជា អាចបំពេញបន្ថែមទៅលើហិរញ្ញប្បទានពីធនាគារ ដោយផ្តល់នូវប្រភពទុនរយៈពេលវែង និងមានចីរភាព ដែលសមស្របសម្រាប់ក្រុមហ៊ុន ក្នុងការប្រើប្រាស់លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្ត្រ ការផ្គត់ផ្គង់ថាមពលអគ្គិសនី គ្រឿងចក្រធុនធ្ងន់ដើម្បីពង្រីកអាជីវកម្ម បង្កើនផលិតភាព និងអភិវឌ្ឍខ្សែសង្វាក់តម្លៃកសិកម្ម និងការលើកកម្ពស់សមត្ថភាពនាំចេញផលិតផលទៅក្រៅប្រទេសរបស់ក្រុមហ៊ុន៕








