ក្រសួងចុះMOUជាមួយអង្គការមួយរបស់កូរ៉េដើម្បីជម្រុញ វិស័យទេសចរណ៍

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ បានអនុញ្ញាតលោក Park Woo Hee ប្រធានអង្គការ Go & Do Social Welfare Corporation នៃសាធារណរដ្ឋកូរ៉េ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការ ទេស​ចរណ៍កម្ពុជា-កូរ៉េ។

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្ត្រី បានឯកភាពលើសំណូមពររបស់លោកប្រធានអង្គការ ដែលបានផ្តួចផ្តើមគំនិតក្នុងការសហការជាមួយសាលាវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរ​ណ៍ ក្នុងការបង្កើតថ្នាក់បណ្តុះបណ្តាលមគ្គុទ្ទេសក៍ និយាយភាសាកូរ៉េ ដើម្បីពង្រឹងសមត្ថភាពដល់អ្នកជំនាញមគ្គុទេ្ទសក៍ ប្រើប្រាស់ភាសាកូរ៉េឱ្យបានស្ទាត់ជំនាញ និងទទួលបានជំនាញបដិសណ្ឋារកិច្ច ក្នុងការទទួលស្វាគមន៍ជនជាតិកូរ៉េឱ្យកាន់តែល្អប្រសើរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាការឆ្លើយតប លោករដ្ឋមន្ត្រី ក៏បានគាំទ្រ និងជំរុញបន្ថែមទៅលោកប្រធានអង្គការ ក្នុងការផ្តល់ជំនួយបច្ចេកទេស ដល់ប្រទេសកម្ពុជា សម្រាប់ជំនួយឧបត្ថម្ភរថយន្តសង្រ្គោះបន្ទាន់ និងរថយន្តពន្លត់អគ្គីភ័យ ក្នុងឆ្នាំ២០២៦ នេះ។

ជាមួយគ្នានេះ លោកហួត ហាក់ ក៏បានស្នើដល់លោកប្រធានអង្គការ ជួយគាំទ្រ និងផ្តល់កិច្ចសហការ ពង្រឹងសមត្ថភាពមគ្គុទេ្ទសក៍និយាយភាសាកូរ៉េ និងបន្តទិសដៅអនុវត្តន៍ កិច្ចសហប្រតិបត្តិការនាពេលអនាគតឱ្យកាន់តែរឹងមាំ ដើម្បីទទួលបានលទ្ធផលជាវិជ្ជមានក្នុងការជំរុញកំណើនទេសចរណ៍ និងបង្កើនបទពិសោធល្អដល់ទេសចរជនជាតិកូរ៉េដែលបានអញ្ជើញមកទស្សនាប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here