ដោយៈ ម៉ាណា
ប្រទេស្វីសៈ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមជាវាគ្មិន នៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទស្តីពី“Recoding Trade” នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៦។
វេទិកានេះមានការចូលរួមពិភាក្សា ដោយបណ្តារដ្ឋមន្ត្រីមួយចំនួនមកពីទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក តំណាងអង្គការអន្តរជាតិ និងនាយកប្រតិបត្តិក្រុមហ៊ុនអន្តរជាតិនានា នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៦។
នៅក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រីបានចែករំលែកទស្សនទាននិងចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រើប្រាស់កាលានុវត្តភាព នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់អភិវឌ្ឍប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា ពិសេសតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីសម្រួលវិស័យពាណិជ្ជកម្ម ឱ្យកាន់តែមានភាពប្រកួតប្រជែង និងមានអនុលោមភាព។
លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកបង្ហាញអំពីវឌ្ឍនភាពសំខាន់ៗ និងគំនិតផ្តួចផ្តើមនានារបស់កម្ពុជា ពាក់ព័ន្ធនឹងការពិភាក្សាផងដែរ៕








