ដោយៈ ចំណាន
ភ្នំពេញៈ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរៀបចំសន្និបាត បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
សន្និបាតនេះ គ្រោងនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង មន្ត្រីពាក់ព័ន្ធ ដែលជាសមាជិក សមាជិកាគណៈកម្មការ និងអនុគណៈកម្មការចំណុះ ព្រមទាំងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី/ខេត្ត ជាច្រើនរូបផ្សេងទៀត។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យលើដំណើរការរៀបចំការងារជារួម ដែលបានផ្ដល់ជូនអនុគណៈកម្មការជំនាញតាមផ្នែកនីមួយៗ ដើម្បីធានាថាដំណើរការកម្មវិធី អាចប្រព្រឹត្តទៅបានដោយរលូន ជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកជំទាវប្រធានអង្គប្រជុំ បានជំរុញលើកទឹកចិត្ត និងបានផ្តាំផ្ញើដល់គណៈកម្មការ និងអនុគណៈកម្មការទាំងអស់ ខិតខំសម្រេចនូវវឌ្ឍនភាពការងារតាមផ្នែក និងបច្ចេកទេសរៀងៗខ្លួន បានឆាប់រហ័ស និងមានប្រសិទ្ធភាព ស្របតាមផែនការកំណត់ដែលបានគ្រោងទុក៕








