មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មពិភាក្សាពីផលប៉ះពាល់ទាក់ទងនឹងស្ថានភាពទីផ្សារស្វាយកែវរមៀត និងមៀនប៉ៃលិន

ដោយៈ និស្ស័យ

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោកតូច ប៊ុនហួរ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ ពិភាក្សាពីផលប៉ះពាល់លើវិស័យកសិកម្ម និងវាយតម្លៃពីស្ថានភាពតម្លៃនិងទីផ្សារស្វាយកែវរមៀត និងមៀនប៉ៃលិន ក្នុងរដូវប្រមូលផលធំ នៅក្នុងខេត្តចំនួនពីរ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃពីស្ថានភាពតម្លៃ និងទីផ្សារក្នុងរដូវកាលប្រមូលផលធំ សម្រាប់ដំណាំស្វាយកែវរមៀត និងមៀនប៉ៃលិន នៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ មានការចូលរួមពី លោកប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង និងមន្ត្រីចំណុះឱ្យមន្ទីរ ព្រមទាំងមន្ត្រីកសិកម្មឃុំ សរុបចំនួន២៦នាក់។ ចំណែក មន្ទីរកសិកម្មខេត្តប៉ៃលិន មានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរកសិកម្មខេត្តនិងមន្ត្រីចំណុះឱ្យមន្ទីរ ព្រមទាំងមន្ត្រីកសិកម្មឃុំ សរុបចំនួន៨រូប។

លោកតូច ប៊ុនហួរ បានផ្តល់ការណែនាំយ៉ាងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីកសិកម្មឃុំនៃខេត្តទាំងពីរ ត្រូវយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំនូវស្ថានភាពតម្លៃ និងចរន្តទីផ្សារក្នុងរដូវប្រមូលផលធំ ដើម្បីត្រៀមលក្ខណៈឆ្លើយតបឱ្យទាន់ពេលវេលា ហើយត្រូវពិនិត្យលើបញ្ហាប្រឈមនៃការបញ្ជាទិញ ដែលអាចរងផលប៉ះពាល់ពីក្តីបារម្ភរបស់អ្នកបញ្ជាទិញ និងពាណិជ្ជករ ចំពោះស្ថានភាពអសន្តិសុខនៅតាមព្រំដែន ដែលអាចធ្វើឱ្យមានការបង្អាក់ ឬធ្លាក់ចុះនៃតម្លៃ។

លោកបានជំរុញឱ្យមន្ត្រីមូលដ្ឋាន ចុះជាប់ជាមួយកសិករ ដើម្បីក្តាប់ព័ត៌មានជាក់ស្តែង និងសម្របសម្រួលដោះស្រាយបញ្ហានានា សំដៅកាត់បន្ថយការខាតបង់ និងរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងវិស័យកសិកម្ម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here