ដោយ: សហសេវិក
អន្តរជាតិ: ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមភាពមិនច្បាស់លាស់នៅថ្ងៃសុក្រនេះ ខណៈបណ្តាវិនិយោគិននៅទូទាំងតំបន់កំពុងតាមដានភាគហ៊ុនរបស់បណ្តាក្រុមហ៊ុនបន្ទះឈីបធំៗ បន្ទាប់ពីសហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយកោះតៃវ៉ាន់។
ក្រោមកិច្ចព្រមព្រៀងនេះ បណ្តាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកតៃវ៉ាន់បានប្តេជ្ញាបោះទុនវិនិយោគយ៉ាងហោចណាស់២៥០ ពាន់លានដុល្លារនៅក្នុងទឹកដីសហរដ្ឋអាមេរិក។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៦ភាគរយ គិតត្រឹមម៉ោង១:០១នាទី។
យ៉ាងណាមិញ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,១៧ភាគរយ ខណៈផ្សារហ៊ុន Topix បានធ្លាក់ថ្លៃចុះ០,១៣ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៤៦ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៤៩ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានធ្លាក់ថ្លៃចុះ០,២៥ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ០,៤៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៥៣ភាគរយ៕







