ដោយៈ ម៉ាណា
រតនគិរីៈ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកហ៊ាន វណ្ណហន បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពផលិតកម្មកសិកម្ម នៅខេត្តរតនគិរី។
ក្នុងដំណើរចុះត្រួតពិនិត្យនេះ លោកបណ្ឌិត និងក្រុមការងារ បានជួបសំណះសំណាល ជាមួយកសិករដាំដុះដំណាំ និងពិនិត្យស្ថានភាពផលិតកម្ម ចំនួន៣ទីតាំង រួមមាន៖ កសិដ្ឋានបន្លែចម្រុះ កសិដ្ឋានកាហ្វេ និងកសិដ្ឋានត្រពាំងបារាំង ដើម្បីពិភាក្សាអំពីផលិតកម្មដំណាំ បច្ចេកទេសបំពេញបន្ថែម និងបញ្ហាប្រឈម ស្ថិតនៅក្រុងបានលុង ទីរួមខេត្ដរតនគិរី។
ជាមួយគ្នានេះ លោកហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារគម្រោង LASED III ចុះពិនិត្យតាំងដីសម្បទានសង្គមកិច្ច នៅខេត្ដស្ទឹងត្រែងផងដែរ។
ក្នុងដំណើរនេះ លោកបណ្ឌិត និងក្រុមការងារអនុវត្ដគម្រោងថ្នាក់ជាតិ-មន្ទីរកសិកម្មខេត្ដស្ទឹងត្រែង បានចុះពិនិត្យការដ្ឋានការងារជីកស្រះទឹក ការសាងសង់ផ្ទះសំណាញ់ និងបានពិភាក្សាជាមួយតំណាងក្រុមហ៊ុនសាងសង់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទទួលផលគម្រោង។
លោកបានណែនាំដល់តំណាងក្រុមហ៊ុន ត្រូវសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីបញ្ចប់ការសាងសងតាមផែនការគ្រោងទុក និងបញ្ចៀសនូវផលប៉ះពាល់នានា។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលទទួលផល គម្រោងត្រូវដឹងពីតួនាទីរបស់ខ្លួនក្នុងការចូលរួមជាមួយនឹងគម្រោង ក្នុងការចូលរួមជាមួយក្រុមផលិត និងទទួលការណែនាំពីមន្រ្ដីជំនាញ លើបច្ចេកទេសកសិកម្ម រួមមាន ការចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងដាំដំណាំ ដើម្បីលើកកម្ពស់ជីវភាព និងបង្កើនប្រាក់ចំណូលជាចម្បង៕











