កម្ពុជា និងកាណាដាសហការរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍

ដោយៈ ម៉ាណា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា កាណាដា បានសន្យាសហការគ្នាលើការជំរុញវិស័យទេសចរណ៍ និងការរៀបចំព្រឹត្តការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលលោកហួត ហាក់ រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Christian DesRoches ឯកអគ្គរដ្ឋទូតនៃប្រទេសកាណាដា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិទេសចរណ៍ទ្វេភាគី និងការរៀបចំព្រឹត្តការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនៃជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះ លោក ឯកអគ្គ​រដ្ឋទូតបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនលើគ្រប់វិស័យ និងកត្តាសុខសុវត្ថិភាពដ៏ល្អប្រសើរ ដែលកម្ពុជាសម្រេចបាននាពេលបច្ចុប្បន្ន។

លោកគូសបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្រ្តី ពីកិច្ចសហប្រតិ្តការដ៏ល្អលើគ្រប់វិស័យជាមួយកម្ពុជាកន្លងមក និងការវិនិយោគធំៗ គួរជាទីមោទនៈរបស់វិនិយោគិនកាណាដានៅកម្ពុជា ដូចជា ធនាគារវឌ្ឍនៈអាស៊ី ឬស្គាល់ជាទូទៅថាABA ដែលបានសម្រេចបណ្តាក់ទុនវិនិយោគ ផ្អែកលើសក្តានុពលវិនិយោគ និងទេសចរណ៍ ក៏ដូចជាថាមវន្តនៃប្រជាជនកម្ពុជា។​

ទន្ទឹមនឹងនេះដែរ លោកឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ពីជំហរគាំទ្រដល់ក្រសួងទេសចរណ៍ ក្នុងការរៀបចំ”ភូមិហ្រ្វង់កូហ្វូន”Village Francophone” ដែលជាព្រឹត្តការណ៍អមដ៏សំខាន់ ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកាណាដា ដែលជានិច្ចជាកាលតែងតែជួយឧបត្តម្តគាំទ្រកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើវិស័យទេសចរណ៍ ស្តែងតាមរយៈ កំណើនភ្ញៀវទេសចរកាណាដាមកទស្សនាកម្ពុជា ដែលចេះតែកើនឡើងមិនឈប់ឈរជារៀងរាល់ឆ្នាំ រួមទាំងការបណ្តាក់ទុនដោយផ្ទាល់របស់ធនាគារជាតិកាណាដា (National Bank of Canada) នៅកម្ពុជាដែលបានផ្តល់ភាពងាយស្រួល ក្នុងការផ្តល់នូវសេវាកម្មទូទាត់ដល់ភ្ញៀវទេសចរ និងពាណិជ្ជករកាណាដា ធ្វើដំណើរមកកម្សាន្តនៅកម្ពុជា។​

លោករដ្ឋមន្រ្តីបានបញ្ជាក់ ពីការត្រៀមលក្ខណៈជាស្រេចរបស់ក្រសួងទេសចរណ៍ ស្ថាប័នមានសមត្ថកិច្ច និងវិស័យឯកជនរបស់កម្ពុជា ដើម្បីទាក់ទាញ និងឆើ្លយតបនឹងកំណើនភ្ញៀវទេសចរកាណាដា ដែលរំពឹងនឹងកើនឡើងបន្ថែមទៀត នាឆ្នាំ២០២៦ លើចំនួនជិត ៤៥.០០០នាក់ នាឆ្នាំ២០២៥ កន្លងទៅនេះ តាមរយៈការពង្រឹងកិច្ចសហការជាមួយស្ថានទូត លើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងវិនិយោគរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយ កតា្តសុខសុវត្ថភាព និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ឱ្យកាន់តែមានល្អប្រសើរ ព្រឹត្តការណ៍ជំរុញទេសចរណ៍និងពង្រឹងគុណភាព សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here