ទេសាភិបាលធនាគារជាតិប៉ាពូញូហ្គីណេសិក្សាស្វែងយល់ពីការអភិវឌ្ឍ បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃធនាគារកណ្តាលប៉ាពូញូហ្គីណេ ដឹកនាំដោយលោកជំទាវទេសាភិ​បាល Elizabeth Genia នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

គោលបំណងនៃទស្សនកិច្ចនេះ ធ្វើឡើងដើម្បីសិក្សាស្វែងយល់ពីបទពិសោធនៃការគ្រប់គ្រងប្រព័ន្ធធនាគារកម្ពុជា ការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនេះ លោកជំទាវទេសាភិបាល Elizabeth Genia បានថ្លែងអំណរគុណ ចំពោះការទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ នៅកម្ពុជា និងបានលើកសរសើរពីការអភិវឌ្ឍ ប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា ដែលជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់។

លោកជំទាវបានសង្កត់ធ្ងន់ ពីភាពចាំបាច់នៃការលើកកម្ពស់ប្រព័ន្ធទូទាត់អន្តរធនាគារ ដូចដែលកម្ពុជាសម្រេចបានយ៉ាងជោគជ័យ និងសារៈសំខាន់ នៃការទទួលបានកិច្ចសហការ ចែករំលែកបទពិសោធន៍គន្លឹះល្អៗពីធនាគារជាតិនៃកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី បានបង្ហាញការស្វាគមន៍ និងជម្រាបជូនពីការទទួលបានដំណើរទស្សនកិច្ច របស់គណៈប្រតិភូបណ្តាធនាគារកណ្តាលជាច្រើននាពេលកន្លងមក។

លោកជំទាវបានមានប្រសាសន៍ ពីវឌ្ឍនភាពល្អប្រសើរពាក់ព័ន្ធនឹងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ បន្ទាប់ពីការដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់អន្តរធនាគារ ដែលបានធ្វើឱ្យស្ថាប័នអន្តរជាតិនានា ផ្តល់ការវាយតម្លៃខ្ពស់អំពីវឌ្ឍនភាព នៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុក្នុងការសម្រួលដល់ការរស់នៅប្រចាំថ្ងៃនិងការធ្វើអាជីវកម្ម។

ភាគីទាំងពីរបានឯកភាព លើការបន្តលើកកម្ពស់កិច្ចសហការឱ្យបានកាន់តែប្រសើរថែមទៀត។ បន្ទាប់ពីជំនួបនេះ គណៈប្រតិភូធនាគា​រកណ្តាលប៉ាពូញូហ្គីណេ ក៏បានទៅទស្សនា សារមន្ទីរព្រះស្រីឦសានវរ្ម័ន ដែលបង្ហាញពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុកម្ពុជាតាំងពីសតវត្សរ៍ទី១ រហូតមកទល់បច្ចុប្បន្នផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here