ដោយៈ ចំណាន
ស្វាយរៀងៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកឱក ប៊ុង បានអញ្ជើញចូលរួមពិធីសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការដំណាក់កាលទី១ នៃរោងចក្រផលិតសំបកកង់រថយន្ត របស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក.។
រោងចក្រនេះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្រ្តីពាក់ព័ន្ធ។
ការវិនិយោគរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ គឺជាគម្រោងវិនិយោគធំមួយ ក្នុងវិស័យឧស្សាហកម្មផលិតសំបកកង់រថយន្ត ដែលត្រូវបានចាត់ទុកថា ជាសមិទ្ធផលថ្មីដ៏មានសារៈសំខាន់ សម្រាប់តំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត និងខេត្តស្វាយរៀង។
គម្រោងនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ការពង្រីកមូលដ្ឋានឧស្សាហកម្ម និងការធ្វើពិពិធកម្មផលិតកម្ម ស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងក្នុងតំបន់។
ជាមួយគ្នានេះ ក្រុមហ៊ុនគ្រោងនាំចេញផលិតផលសំបកកង់របស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ដូចជា សហរដ្ឋអាមេរិក អឺរ៉ុប អង់គ្លេស ប្រេស៊ីល និងទីផ្សារសក្តានុពលផ្សេងៗទៀត ខណៈដែលសមត្ថភាពផលិតរបស់រោងចក្រ អាចឈានដល់ប្រមាណ១២លានសំបកកង់ ក្នុងមួយឆ្នាំ ដែលនឹងជួយលើកកម្ពស់កំណើនការនាំចេញ និងពង្រឹងសមត្ថភាពប្រកួតប្រជែងឧស្សាហកម្មកម្ពុជា នៅលើទីផ្សារអន្តរជាតិ។
បន្ថែមពីនេះ ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក. បានបើកការដ្ឋានសាងសង់រោងចក្ររបស់ខ្លួន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ហើយក្នុងរយៈពេលត្រឹមតែ១ឆ្នាំប៉ុណ្ណោះ គម្រោងនេះបានសាងសង់រួចរាល់ និងត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ដែលបង្ហាញពីសមត្ថភាព ប្រសិទ្ធភាព និងទំនុកចិត្តរបស់វិនិយោគិនបរទេស ចំពោះបរិយាកាសវិនិយោគ និងសន្តិសុខសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា៕










