ដោយៈ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសំហេង បូរ៉ា ជាប្រធានក្រុមការងារ ជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញការនាំចេញ ដើម្បីសរុបលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥ និងពិភាក្សាទិសដៅ និងផែនការអនុវត្តសម្រាប់ឆ្នាំ២០២៦ ខាងមុខ។
ក្នុងកិច្ចប្រជុំនេះ ក៏បានពិភាក្សាអំពីសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងឆ្នាំ២០២៥ រួមមាន៖ ការពង្រីកទីផ្សារនាំចេញទៅកាន់ប្រទេសគោលដៅថ្មីៗ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូអន្តរជាតិ ការកើនឡើងនៃបរិមាណ និងតម្លៃនាំចេញនៃផលិតផលកសិកម្ម និងឧស្សាហកម្មកែច្នៃ ព្រមទាំងការកែលម្អប្រព័ន្ធគាំទ្រ ដល់សហគ្រាសនាំចេញ និងអ្នកផលិតក្នុងស្រុក។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញការនាំចេញ និងលើកស្ទួយភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា នៅលើទីផ្សារអន្តរជាតិ។
ជាមួយគ្នានេះ លោកសំហេង បូរ៉ាបានបញ្ជាក់ថា លទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៥ គឺជាមូលដ្ឋានសំខាន់សម្រាប់ការបន្តពង្រីកឱកាសទីផ្សារ និងទាក់ទាញកិច្ចសហការថ្មីៗ សម្រាប់ឆ្នាំ២០២៦ ផងដែរ៕








