ដោយ៖ សាវុធ
ភ្នំពេញ៖ កម្ពុជានឹងបើកវគ្គសិក្សាថ្មីស្តីពីសង្វាក់ផលិតកម្មបែបឌីជីថល សម្រាប់ឧស្សាហកម្ម៤.០ តាមអនឡាញ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាល ខាងកម្មន្តសាលកម្រិតខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច។
លោកបណ្ឌិតម៉ី កន្យាណប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានអំពីវគ្គសិក្សាស្តីពីសង្វាក់ផលិតកម្មបែបឌីជីថលកាលពិម្សិលមិញថា កម្ពុជាគួរប្រែក្លាយនឹងបង្កើតឧស្សាហកម្ម ដោយមានអ្នកវិនិយោគ នៅក្នុងស្រុកឲ្យបានច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
លោកបណ្ឌិតម៉ី កន្យាណបានបន្ថែមទៀតថា កម្ពុជាក៏ត្រូវជំរុញបង្កើនតម្លៃ លើវិស័យសេវាកម្ម ឧស្សាហកម្ម និងវិស័យកសិកម្ម ដោយត្រូវជំរុញព្រមៗគ្នា រួមជាមួយការជំរុញ បណ្តុះបណ្តាលធនធានមនុស្ស ព្រោះចំណេះវិជ្ជា គឺជាប្រភពនៃការបង្កើតចំណូល។
ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងទៀតថា សេដ្ឋកិច្ចកម្ពុជា បានពឹងផ្អែកលើវិស័យធំៗចំនួន៣ រួមមាន៖ វិស័យសេវាកម្ម ឧស្សាហកម្ម និងវិស័យកសិកកម្ម ក្នុងនោះ ចំពោះវិស័យឧស្សាហកម្ម មិនទាន់មានភាពខ្លាំងក្លានៅឡើយ។
ប៉ុន្តែទោះយ៉ាងណា វិស័យនេះ ក៏បានកំពុងជំរុញដំណើរសេដ្ឋកិច្ចទៅមុខ ដូចជា៖ អនុវិស័យកាត់សម្លៀកបំពាក់ និងស្បែកជើង ក្នុងនោះរោងចក្រប្រើប្រាស់ ប្រព័ន្ធអេឡិចត្រូនិច ដូចជារោងចក្រផលិតកង់ជាដើម បានកំពុងដំណើរនៅក្នុងខែ្សសង្វាក់ផលិតកម្មផងដែរ។ នេះជាការបញ្ជាក់បន្ថែម របស់លោកបណ្ឌិត ម៉ី កន្យាណ។
ពាក់ព័ន្ធនឹងវគ្គសិក្សានេះ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាភូមិន្ទភ្នំពេញ បានឱ្យដឹងថា ការបើកវគ្គនេះ គឺជាបច្ចេកវិទ្យាថ្មីមួយ ដែលកម្ពុជា ចាប់ផ្តើមដំបូង ដោយមានដៃគូសហការជាមួយ DMG Mori (ក្រុមហ៊ុនលំដាប់លេខមួយ នៅលើពិភពលោក ខាងផលិតគ្រឿងម៉ាស៊ីន) ប្រទេសអាល្លឺម៉ង់ និងជប៉ុន។
លោកថា ក្នុងនោះ តាមរយៈនៃការសហការនេះ មិនត្រឹមជួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញឱ្យរឹងមាំ លើផ្នែកវិទ្យាសាស្រ្ត STEM ប៉ុណ្ណោះទេ វានឹងអាចជួយ ជារូបភាពធំ គឺជាការជួយសេដ្ឋកិច្ចកម្ពុជាទាំងមូល ទោះបីបច្ចុប្បន្ន វាជាមូលីគីលដ៏តូចមួយ ប៉ុន្តែវានឹងរីកលូតលាស់ទៅថ្ងៃខាងមុខ សម្រាប់សេដ្ឋកិច្ច និងសង្គម។
វគ្គសិក្សានេះ នឹងត្រូវធ្វើឡើងជា២ដំណាក់កាល វគ្គទី១ មានឈ្មោះថា «សង្វាក់ផលិតកម្មបែបឌីជីថល សម្រាប់ឧស្សាហកម្ម ៤.០» នឹងត្រូវបើកដំណើរការ តាមប្រព័ន្ធអ៊ីនធឺណេត ចាប់ពីខែកុម្ភៈ ឆ្នាំ២០២១។
ការបង្រៀនទាំងអស់ នឹងត្រូវផ្តល់ដោយផ្ទាល់ ពីអ្នកជំនាញមកពីក្រុមហ៊ុន DMG MORI អាល្លឺម៉ង់ ដែលមានបទពិសោធន៍ ក្នុងការបណ្តុះបណ្តាលបែបនេះ នៅជុំវិញពិភពលោក។
សម្រាប់វគ្គទី២ ការរៀនសូត្រ នឹងត្រូវបានធ្វើឡើង ជាមួយម៉ាស៊ីនពិតប្រាកដ ដើម្បីឲ្យសិស្សអាចទទួលបាន ទាំងចំណេះដឹងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីលើកកម្ពស់គុណភាពបន្ថែមមួយកម្រិតទៀត ដោយអនុញ្ញាតមានការបញ្ចូលបញ្ហាឧស្សាហកម្មជាក់ស្តែង នៅក្នុងការបណ្តុះបណ្តាល។
ភាពជោគជ័យ នៃគម្រោងនេះ មានសារៈសំខាន់ណាស់ សម្រាប់សង្គមកម្ពុជា ទាំងមូល ព្រោះវានឹងដើរតួជាគំរូជោគជ័យមួយ នៃកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យ ឧស្សាហកម្ម និងរដ្ឋាភិបាលឆ្ពោះ ទៅរកឧស្សាហកម្ម ៤.០៕







