ក្រសួងបរិស្ថានជំរុញគ្រូសាសនា គណៈអ៊ីម៉ាំ និងថ្នាក់ដឹកនាំវិហារឥស្លាម បញ្ចូលការអប់រំអនាម័យ ទៅក្នុងកម្មវិធីសិក្សា

ដោយៈ នរិន្ទ

    ភ្នំពេញៈ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ជំរុញគ្រូសាសនា គណៈអ៊ីម៉ាំ និងថ្នាក់ដឹកនាំវិហារឥស្លាម បញ្ចូលការអប់រំអនាម័យ និងការការពា​របរិស្ថាន ទៅក្នុងកម្មវិធីសិក្សា និងការទេសនាធម៌វិន័យឥស្លាម។

ថ្លែងនៅក្នុងពិធីបើកកម្មវិធីអប់រំសុខភាព-បរិស្ថាន និងការធ្វើអនាម័យកុមារា (Circumcision) នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នៅភូមិពោធិឥន្ទ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ លោកកូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ ពីផលប៉ះពាល់ដល់សុខភាពមនុស្ស ដែលបណ្តាលមកពីភាពកង្វះអនាម័យ បរិស្ថានដែលមានភាពកខ្វក់ និងតួយ៉ាងការប្រើប្រាស់ ដ៏ច្រើនលើសលុបនៃថង់ប្លាស្ទិក នៅក្នុងជីវភាពប្រចាំថ្ងៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តទៀតថា ក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់លោក បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលរួមមាន ភាពស្អាត ភាពបែតង និងចីរភាព ដើម្បីឆ្ពោះទៅរកការសម្រេចបាន នូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។

ក្រសួងបរិស្ថាន ក៏បានដាក់ចេញនូវ យុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និងយុទ្ធនាការ “ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក” ដែលរហូតមកដល់ពេលនេះ មានការចូលរួមគាំទ្រ ពីសំណាក់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនលើសលុប។

ក្នុងន័យនេះ លោកអនុរដ្ឋលេខាធិការ បានជំរុញ និងទទូចសូមឱ្យគ្រូសាសនា គណៈអ៊ីម៉ាំ និងថ្នាក់ដឹកនាំតាមវិហារឥស្លាម នៅក្នុងមូលដ្ឋានស្រុកពញាក្រែកទាំងអស់ សូមគិតគូបញ្ចូលការអប់រំអនាម័យបរិស្ថាននេះ ទៅក្នុងកម្មវិធីសិក្សាសាសនា ក៏ដូចជាបញ្ចូលទៅក្នុងកម្មវិធីអប់រំធម៌ វិន័យសាសនាផងដែរ។

ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកម៉ូត យូសុះ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត តំណាងស្ថានទូត នៃប្រទេសម៉ាឡេស៊ីប្រចាំនៅកម្ពុជា អាជ្ញារធម៌មូលដ្ឋាន គ្រូសាសនា គណៈអ៊ីម៉ាំ ថ្នាក់ដឹកនាំតាមវិហារក្នុងស្រុកពញា​ក្រែក កុមារា និងអាណាព្យាបាល សរុបចំនួន៣០០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here