រដ្ឋមន្រ្តីទេសចរណ៍នឹងប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តន៍ភាពជាមួយវិស័យឯកជន

ដោយៈ និស្ស័យ

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់ ក្នុងជំនួបធុរកិច្ច សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ឆ្នាំ២០២៥ នឹងប្រែក្លាយបញ្ហាប្រឈមជាកាលានុវត្តភាព ដើម្បីបន្តជំរុញកំណើននៅក្នុងវិស័យទេសចរណ៍។

លើសពីនេះភាគីទាំង២ នឹងខិតខំរក្សានូវភាពប្រកួតប្រជែងខ្ពស់ ក្នុងតំបន់ ប្រកបដោយភាពជឿជាក់ ច្នៃប្រឌិត បត់បែនឱ្យទាន់សភាពការណ៍ និងមានភាពប្រយ័ត្នប្រយែងខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីជំនួបធុរកិច្ច សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ឆ្នាំ២០២៥ ដែលការជួបជុំនេះគឺ ដើម្បីពង្រឹងនិងពង្រីកបណ្តាញធុរកិច្ច ផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកនូវបច្ចុប្បន្នភាពថ្មីៗ អំពីការវិវត្តនៃវិស័យទេសចរណ៍ក្នុងតំបន់ និងសកលលោក។

ក្នុងឱកាសនេះ មានការអញ្ជើញចូលរួមពីឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ ក្រុម “ខ” ឧកញ៉ា ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា និងមន្រ្តីពាក់ព័ន្ធផងដែរ។

ឆ្លៀតក្នុងឱកាសដ៏សែនមនោរម្យនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឧកញ៉ា លោក លោកស្រី តំណាងសមាគម ក្នុងឧស្សាហកម្មទេសចរណ៍ទាំងអស់ ដែលបានចូលរួមឧបត្ថម្ភជា ថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ នាពេលកន្លងមក ដើម្បីជួយដល់វីរកងទ័ព និង បងប្អូនប្រជាពលរដ្ឋភៀសសឹក។

ទន្ទឹមនឹងនេះ លោកហួត ហាក់ក៏បានគោរពដឹងគុណ កត់ត្រាទុក និងចងចាំទុកនូវកាយវិការដ៏សប្បុរសនេះ ដែលយើងរួមគ្នាក្រោមដំបូលរបស់រាជរដ្ឋាភិបាល នៅក្នុង “រដូវកាលសាមគ្គីភាព” ឬ (Solidarity Season) ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍។

ជាមួយគ្នានេះ លោកហួត ហាក់មានប្រសាសន៍ថា ក្នុងនាមមហាគ្រួសារវិស័យទេសចរណ៍ យើងខ្ញុំប្រកាសគាំទ្រយ៉ាងពេញទំហឹង ដោយឥតងាករេ នូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន។ ចំណែកមួយផ្នែកទៀត។

លោកបន្តថា យើងក៏ត្រូវបន្តនិរន្តភាពការងារតាមវិស័យ ដែលជាសមត្ថកិច្ចរបស់យើង  ដោយបំពេញការងារក្នុងស្មារតីបុរេសកម្មសកម្ម និងអន្តរសកម្ម ដើម្បីធានាភាពធន់នៃវិស័យទេសចរណ៍កម្ពុជា ទប់ទល់នឹងវិបត្តិ ដែលបាននិងកំពុងប្រឈម។

លោកហួត ហាក់បានគូសបញ្ជាក់ថា ការដាក់ចេញនូវសសរស្តម្ភយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការចំនួន៦ របស់ក្រសួងទេសចរណ៍, វិស័យឯកជន បានដើរតួនាទីគន្លឹះយ៉ាងសំខាន់ ក្នុងការជំរុញសន្ទុះវិស័យទេសចរណ៍កម្ពុជា តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សា​យកិត្តិនាមកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និងការនាំយកភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា។

ក្នុងន័យនេះ លោករដ្ឋមន្ត្រី ពិតជាគាំទ្រយ៉ាងពេញទំហឹង និងលើកទឹកចិត្តវិស័យឯកជន រៀបចំជំនួបធុរកិច្ចឱ្យបានកាន់តែច្រើន ដែលនឹងជួយជំរុញការពង្រឹងទំនាក់ទំនង កាន់តែជិតស្និទ្ធជាងមុន និងចែករំលែកឱកាសនៃការវិនិយោគ កាន់តែទូលំទូលាយជាងមុនផងដែរ៕

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់

LEAVE A REPLY

Please enter your comment!
Please enter your name here