ដោយ: គង់ លាងហួរ
ចិន: លោក wang Yi សមាជិកក្រុមប្រឹក្សារដ្ឋចិន និងរដ្ឋមន្ត្រីការបរទេស បានមានប្រសាសន៍នៅដើមឆ្នាំថ្មីនេះថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចក្នុងធ្វើការជាមួយអាស៊ាន ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងនាំមកនូវសករាជថ្មីនៃសន្តិភាពសម្រាប់តំបន់។
លោកបានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះជាមួយភ្នាក់ងារសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយចិន។
លោកបានបន្តទៀតថា “ចាប់តាំងពីការចាប់ផ្ដើមកិច្ចសហប្រតិបត្តិការណ៍ចិន-អាស៊ានតែងតែមានលទ្ធផលល្អ និងឆ្លើយតបទាន់ពេលវេលា ហើយចិន-អាស៊ានបានក្លាយជាគម្រូជោគជ័យ និងរស់រវើកបំផុតនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់”។
លោកបានមានប្រសាសន៍ថា ភាគីទាំងពីរបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេជាលើកដំបូងក្នុងឆ្នាំ២០២០។ យើងរួមគ្នាជំរុញការចុះហត្ថលេខាលើភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ដែលនឹងផ្ដល់កំណើនដល់ពាណិជ្ជកម្មសេរីនៅលើពិភពលោក។
លោកបានបន្តថា បណ្តាប្រទេសហត្ថលេខីកិច្ចព្រមព្រៀងនេះមានចំនួនប្រជាជនច្រើនជាងគេ និងមានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោក។ នេះជាប្រវត្តិសាស្ដ្រថ្មីក្នុងកិច្ចសហប្រតិបត្តិការចិននិងអាស៊ាន។
ជាមួយគ្នានេះ ចិន និងអាស៊ាននឹងប្រារព្ធខួប៣០ឆ្នាំ នៃទំនាក់ទំនងយ៉ាងជិតស្និទ្ធនៅក្នុងឆ្នាំ២០២១នេះ។ លោក Wang Yi បាននិយាយថា ភាគីចិនទន្ទឹងរង់ចាំឱកាសថ្មី ដែលខ្លួននឹងបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមរវាងចិន និងអាស៊ាន។
លោក Wang Yi បានអំពាវនាវឱ្យភាគីទាំងសងខាងធ្វើការរួមគ្នា ដើម្បីកម្ចាត់ជំងឺកូវីដ១៩ ឱ្យអស់ពីសមត្ថភាពដើម្បីពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ និងបេ្តជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រភព៖ ក្រសួងការបរទេសចិន៕







