ដោយ: សហសេវិក
អន្តរជាតិ: តម្លៃអាផាតមុិននៅក្នុងរដ្ឋធានីសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងក្នុងសប្តាហ៍ទី៤៩ ជាប់ៗគ្នា ដែលអាចជំរុញឱ្យធនាគារកណ្តាលកូរ៉េរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំនៅសប្តាហ៍ក្រោយ។
ទិន្នន័យរបស់ក្រុមប្រឹក្សាអចលនទ្រព្យកូរ៉េ (KREB) បានបង្ហាញថា តម្លៃអាផាតមុិននៅទីក្រុងសេអ៊ូលបានកើនឡើង០,១៨ភាគរយកាលពីសប្តាហ៍មុន។ នៅឆ្នាំ២០២៥ តម្លៃអាផាតមុិនបានកើនឡើង៨,៧ភាគរយ ដែលឆ្លុះបញ្ចាំងពីកំណើនតម្រូវការអាផាតមុិននៅក្នុងរដ្ឋធានីសេអ៊ូល។
ការកើនឡើងនៃតម្លៃអាផាតមុិននៅក្នុងតំបន់ដែលមានតម្រូវការខ្ពស់ រួមទាំងតំបន់អភិវឌ្ឍន៍ឡើងវិញ និងបណ្តុំអគារអាផាតមុិនធំៗនៅជិតមជ្ឈមណ្ឌលដឹកជញ្ជូនសំខាន់ៗ បានធ្វើឱ្យតម្លៃអាផាតមុិនជារួមបន្តកើនឡើងនៅទូទាំងទីក្រុងសេអ៊ូល។
ធនាគារកណ្តាលកូរ៉េបានរក្សាទុកអត្រាការប្រាក់ឱ្យនៅដដែលក្នុងកិច្ចប្រជុំចំនួន៤លើកជាប់ៗគ្នាកាលពីខែវិច្ឆិកា ឆ្នាំ២០២៥។ លោក Rhee Chang Yong ទេសាភិបាលធនាគារកណ្តាលកូរ៉េបានលើកឡើងថា សមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារមានការខ្វែងគំនិតគ្នាថា តើអត្រាការប្រាក់គួរតែត្រូវបានកាត់បន្ថយក្នុងរយៈពេល៣ខែខាងមុខ ឬរក្សាទុកឱ្យនៅដដែល។
ក្រុមអ្នកជំនាញភាគច្រើនជឿជាក់ថា ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលកូរ៉េបានឈានដល់ទីបញ្ចប់ហើយ ដោយលើកឡើងពីហានិភ័យអតិផរណា ខណៈប្រាក់វ៉ុនធ្លាក់ថ្លៃចុះ និងការកើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃផ្ទះ។ កិច្ចប្រជុំគោលនយោបាយបន្ទាប់របស់ធនាគារកណ្តាលកូរ៉េនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមករា។
ការកើនឡើងនៃតម្លៃផ្ទះ ជាពិសេសនៅក្នុងតំបន់ Greater Seoul នៅតែជាកង្វល់ចម្បងសម្រាប់ធនាគារកណ្តាលកូរ៉េ។ ទោះបីជារដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញវិធានការថ្មីជាបន្តបន្ទាប់កាលពីឆ្នាំមុនយ៉ាងណាក្តី ក៏តម្លៃផ្ទះនៅតែបន្តកើនឡើង៕ប្រភព: Bloomberg៕









