ដោយៈ ចំណាន
ភ្នំពេញៈ លោកគង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការចុះបញ្ជីដីធ្លីនៅខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត មន្ទីរ និងរដ្ឋបាលស្រុកពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។
លោកគង់ ច័ន្ទវាសនា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងអង្គភាពជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់កិច្ចសហការជំរុញការចុះបញ្ជីដីរដ្ឋ ជាពិសេសដីស្ថានីយដាំឈេី ហ៊ុន សែន មា-នក ក្នុងខេត្តកំពង់ឆ្នាំង និងស្នេីសុំឱ្យអង្គប្រជុំ និងរដ្ឋបាលខេត្តបន្តជំរុញ និងគាំទ្រការចុះបញ្ជីដីរដ្ឋក្រោមការគ្រប់គ្រងរបស់ក្រសួង ក្នុងខេត្តកំពង់ឆ្នាំង ស្របពេលដែលទាំងអស់គ្នាកំពុងពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ។
លោកបន្ថែមថា ការចុះបញ្ជីដីរដ្ឋគឺជាភារកិច្ច របស់គ្រប់ភាគីពាក់ព័ន្ធ ដេីម្បីការពារដីរដ្ឋ សម្រាប់បម្រើផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងរក្សាទុកសម្រាប់តម្រូវការ សាធារណៈផ្សេងៗនាពេលខាងមុខ៕








