ខេត្តសៀមរាបចាប់ផ្តើមជម្រុញការលើកកំពស់សេវាទឹកស្អាត ទូទាំងក្រុង ស្រុក

ដោយៈ ចំណាន

    សៀមរាបៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំផ្សព្វផ្សាយ ជំរុញការលើកកម្ពស់ និងបង្កើនលទ្ធភាពទទួលបានសេវាទឹកស្អាត នៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅតាមបណ្តាក្រុង ស្រុក ខេត្តសៀមរាប។

កិច្ចប្រជុំនេះដឹកនាំដោយលោក អ៊ឹង គឹមលាង អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានសមាសភាពចូលរួមពីទីចាត់ការអន្តរវិស័យសាលាខេត្ត មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រដ្ឋាករទឹកស្វយ័តសៀមរាប មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ តំណាងរដ្ឋបាលក្រុង ស្រុកទាំង១៣ សេវាករទឹកស្អាត សហគមន៍ទឹកស្អាត និងមន្ត្រីពាក់ព័ន្ធ សរុបអ្នកចូលរួមចំនួន ៨០នាក់ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអ៊ឹង គឹមលាង បានបញ្ជាក់អំពីគោលបំណងនៃកិច្ចប្រជុំ គឺដើម្បីផ្សព្វផ្សាយពីលិខិតលេខ ៣៣១១ សជណ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងពិនិត្យលើបញ្ហាការតបណ្តាញទឹកស្អាតនៅតាមទីជនបទរបស់សហគមន៍ និងសេវាករ លើដំណើរការសេវាទឹកស្អាតនៅ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

ជាមួយគ្នានេះ អង្គប្រជុំបានពិនិត្យ និងជជែកពិភាក្សាលើការណែ​នាំរបស់ក្រសួងមហាផ្ទៃ ដើម្បីបានជាប្រយោជន៍ សម្រាប់ការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងខេត្តសៀមរាបរបស់យើង ស្របទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងគោលនយោបាយនានា ដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់ការទី១ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងបានកំណត់យកអាទិភាពគន្លឹះ ៥គឺ៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ព្រមទាំងជំរុញឱ្យខេត្តសៀមរាបទាំងមូល ទទួលបានសេវាទឹកស្អាត ស្របទៅនឹងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជាឆ្នាំ២០១៦-២០៣០ ដែលកំណត់ថាប្រជាពលរដ្ឋ ត្រូវមានទឹកស្អាតប្រើទាំងអស់គ្នានៅត្រឹមឆ្នាំ២០៣០៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here