ដោយៈ ម៉ាលីនណា
បាត់ដំបងៈ កិច្ចសន្យាផ្គត់ផ្គង់ស្រូវ “ទំហំ២,៤លានដុល្លារ” ត្រូវបានធ្វើឡើង រវាងសហគមន៍កសិកម្មទំនើបចំនួន២ ជាមួយនឹងក្រុមហ៊ុនបៃតង ក្រោមសក្ខីភាពរបស់លោកឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
តាមរយៈការធ្វើផលិតកម្មកសិកម្ម តាមកិច្ចសន្យានេះ សហគមន៍កសិកម្មទំនើប ព្រះនេត្រព្រះមានជ័យ នៃខេត្តបន្ទាយមានជ័យនិងសហគមន៍កសិកម្មទំនើបស្រូវ -អង្ករសុវត្ថិភាពស្រុកឯកភ្នំ នៃខេត្តបាត់ដំបង នឹងធានាការផ្គត់ផ្គង់ស្រូវសែនក្រអូប ក្នុងបរិមាណជិត១០,០០០តោន ក្នុងអំឡុងពេល៤ខែខាងមុខទៀត។
ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាក ក៏ផលិតកម្មកសិកម្មនៅតែត្រូវបន្តទៅមុខជានិច្ច។ ក្រសួងកសិកម្មត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយជ្រោមជ្រែងដល់បងប្អូនប្រជាកសិករយើង ជាពិសេសតាមរយៈយន្តការសហគមន៍កសិកម្មទំនើប ដែលផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយ ទាំងលើផ្នែកទីផ្សារ ដើមទុន បច្ចេកទេស និងការកាត់បន្ថយថ្លៃដើម៕








