“រំដួលកងមាស”ត្រូវបានប្រសិទ្ធនាមដល់ត្រីរាជប្រវែងជិត២ម៉ែត្រ នៅដងទន្លេមេគង្គ

ដោយៈ ចំណាន

    កំពង់ចាមៈ ជាបងធំមួយ នៅក្នុងប្រភេទត្រីធំៗក្នុងដងទន្លេមេគង្គ ត្រីរាជ ជាប្រភេទត្រីកម្រមួយ ដែលត្រូវបានអភិរ័ក្សដោយក្រសួងកសិកម្ម។

ជាក់ស្តែង ត្រីរាជប្រវែងជិត២ម៉ែត្រមួយ ដែលចាប់បានដោយអ្នកនេសាទត្រូវបានមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោកអនុរដ្ឋលេខាធិការ ទឹម បូរក្ស ក្រសួងនេះ អញ្ជើញដឹកនាំកម្លាំងរដ្ឋបាលជលផលកំពង់ចាម កំណត់អត្តសញ្ញាណត្រីរាជដែលប្រជាពលរដ្ឋនេសាទបានខាងលើនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋនេសាទបានត្រីរាជនេះ ដោយប្រើឧបករណ៍ម៉ាញ់នៅទន្លេមេគង្គ ត្រង់ចំណុចភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម មុននឹងធ្វើការលែង។

សកម្មភាពនេះ មានការចូលរួម និងអមដំណើរដោយរដ្ឋបាលជលផលកំពង់ចាម ក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ សហការជាមួយអាជ្ញាធរស្រុកកងមាស អាជ្ញាធរឃុំរកាគយ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរកាគយ។

ក្រោយការពិនិត្យ ត្រីរាជមួយក្បាលនេះ មានភេទញី ដោយឱ្យឈ្មោះថា រំដួលកងមាស មានប្រវែង១,៨៦ម៉ែត្រ ទម្ងន់៦៣គីឡូក្រាម និងពាក់ស្លាករដ្ឋបាលជលផល លេខកូដ ០៣៩ នេសាទបាននៅតាមដងទន្លេមេគង្គ ភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ក្រោយកំណត់អត្តសញ្ញាណរួច ក្រុមការងារនិងមន្ត្រីជំនាញជលផលបានលែងត្រីរាជនេះ ចូលក្នុងទន្លេមេគង្គវិញ។

នាឱកាសនោះដែរ លោកអនុរដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជានេសាទទាំងអស់ បើនេសាទបានត្រីប្រភេទកម្រដូចជា ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់។ល។ សូមជូនដំណឹងមកខណ្ឌរដ្ឋបាលជលផលខេត្ត ឬអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យក្រុមការងារមកលែងតាមបច្ចេកទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here