ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកតូច ប៊ុនហួរ អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ ពិភាក្សា និងបូកសរុបរបាយការណ៍ វាយតម្លៃការខូចខាតលើវិស័យកសិកម្ម និងផលប៉ះពាល់សន្តិសុខស្បៀង។
លោកតូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងបូកសរុបរបាយការណ៍វាយតម្លៃការ ខូចខាតលើវិស័យកសិកម្ម និងផលប៉ះពាល់សន្តិសុខស្បៀង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីពាក់ព័ន្ធ។
ក្នុងឱកាសនោះ លោកតូច ប៊ុនហួរបានគូសបញ្ជាក់ថា ជម្លោះព្រំដែនរវាងកម្ពុជាថៃលើកទី២ បណ្តាលឱ្យអនុវិស័យជាអាទិ៍ បន្លែ ឈើហូបផ្លែ សត្វ ស្រូវ ពោត ដំឡូងមី និងត្រីនៅក្នុងស្រុកមួយចំនួនក្នុងខេត្តចំនួន៨ រងផលប៉ះពាល់និងខូចខាត រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង កោះកុង ព្រះវិហារ ពោធិ៍សាត់ ប៉ៃលិន ឧត្តរមានជ័យ និងខេត្តសៀមរាប។
តាមការវាយតម្លៃបឋមរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំង៨ បង្ហាញថាផលប៉ះពាល់នេះ មិនបានបង្កបញ្ហាដល់សន្តិសុខស្បៀង ក្នុងតំបន់ទាំងនោះក្នុងរយៈពេលខ្លី និងមធ្យមឡើយ។
ជាមួយគ្នានេះ តាមរយៈកិច្ចអន្តរាគមន៍បន្ទាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លេខាធិការដ្ឋានប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីស្តារ និងលើកកម្ពស់វិស័យកសិកម្មក្នុងតំបន់រងគ្រោះឡើងវិញ៕











