ដោយៈ ចំណាន
ភ្នំពេញៈ កត្តាផ្ទៃក្នុងរបស់ក្រុមហ៊ុន បោះផ្សាយលក់មូលបត្រ និងសញ្ញាប័ណ្ណ ជាកត្តាដែលពាក់ព័ន្ធនឹងប្រតិបត្តិការអាជីវកម្ម ក្នុងក្រុមហ៊ុនបោះផ្សាយផ្ទាល់ ដែលអាចជះឥទ្ធិពលដល់តម្លៃភាគហ៊ុន។
ជាក់ស្តែង របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំរបស់ក្រុមហ៊ុនបោះផ្សាយ អាចជះឥទ្ធិពលដល់តម្លៃភាគហ៊ុន។ ប្រសិនបើរបាយការណ៍បង្ហាញ ពីកំណើននៃប្រាក់ចំណេញ ប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល-ចំណាយ ភាពរឹងមាំនៃអាជីវកម្ម នោះនឹងធ្វើឱ្យក្រុមហ៊ុនកាន់តែមានភាពទាក់ទាញ និងទទួលបានទំនុកចិត្តខ្ពស់ពីវិនិយោគិន ដែលធ្វើឱ្យវិនិយោគិនហ៊ានផ្តល់តម្លៃកាន់ តែខ្ពស់ចំពោះក្រុមហ៊ុនបោះផ្សាយនោះ។
ជាមួយគ្នានេះ គោលនយោបាយបែងចែកភាគលាភ ក៏ជះឥទ្ឋិពលដល់តម្លៃផ្សារហ៊ុនផងដែរ ប្រសិនបើក្រុមហ៊ុនបោះផ្សាយ មានគោលនយោបាយបែងចែក ភាគលាភខ្ពស់ និងទៀងទាត់នឹងទាក់ទាញវិនិយោគិន ព្រោះពួកគេនឹងទទួលបានប្រាក់ចំណេញពីភាគហ៊ុន ដែលពួកគេកំពុងកាន់កាប់ ដែលធ្វើឱ្យពួកគេកាន់តែមានសុទិដ្ឋិនិយម និងមានទំនុកចិត្តទៅលើក្រុមហ៊ុនបោះផ្សាយ ដែលជាហេតុនាំឱ្យតម្លៃភាគហ៊ុនប្រែប្រួលជាវិជ្ជមាន។
ផ្ទុយទៅវិញ ប្រសិនបើក្រុមហ៊ុនបោះផ្សាយ ផ្លាស់ប្តូរគោលនយោបាយ ដោយមិនបែងចែកភាគលាភ ហើយរក្សាទុកប្រាក់ចំណេញទាំងអស់ជាដើមទុនវិនិយោគ សម្រាប់ពង្រីកអាជីវកម្ម វិនិយោគិនមួយចំនួនអាចជ្រើសរើសលក់ភាគហ៊ុនចេញ ដើម្បីទៅវិនិយោគក្នុងក្រុមហ៊ុនផ្សេង ដែលផ្តល់ភាគលាភទៀងទាត់ជាងនេះ ដែលអាចបណ្តាលឱ្យថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុននោះធ្លាក់ចុះក្នុងទីផ្សារ។
ក្នុងករណីក្រុមហ៊ុនបោះផ្សាយ មិនបែងចែកភាគលាភ វិនិយោគិន គួរពិនិត្យមើលផែនការរបស់ក្រុមហ៊ុន ថាតើវាមានសក្តានុពលនៃការបង្កើនប្រាក់ចំណេញក្នុងកម្រិតណា មុននឹងសម្រេចចិត្តថាត្រូវលក់ ឬទិញភាគហ៊ុនរបស់ក្រុមហ៊ុននោះបន្ថែម ក្នុងអំឡុងពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុនកំពុងធ្លាក់ថ្លៃ។
ឧទាហរណ៍ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) មានការធ្លាក់ចុះពី ១៤.០០០រៀល មកត្រឹម១៣.០០០រៀល ក្នុងមួយភាគហ៊ុន។ ការធ្លាក់ចុះ នៃតម្លៃភាគហ៊ុននេះ មិនមែនជាសញ្ញាបង្ហាញថា ក្រុមហ៊ុនមានបញ្ហានោះទេ ប៉ុន្តែបណ្ដាលមកពីការវាយតម្លៃ និងការរំពឹងទុករបស់វិនិយោគិន លើការបែងចែកភាគលាភរបស់ក្រុមហ៊ុន និងស្ថានភាពសេដ្ឋកិច្ច ពិភពលោកនាពេលនោះ៕








