ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាង អនុស្សរណៈនៃការយោគយល់គ្នាលើវិស័យដឹកជញ្ជូន រវាងក្រសួងដឹកជញ្ជូន នៃសហព័ន្ធរុស្ស៊ី និងក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា។
លោកឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្ដី ព្រាងអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យដឹកជញ្ជូន រវាងក្រសួងដឹកជញ្ជូន នៃសហព័ន្ធរុស្ស៊ី និងក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងអគ្គនាយកដ្ឋានក្រោមឱវាទក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលធាតុចូលបន្ថែមពីអង្គភាពជំនាញពាក់ព័ន្ធ និងឯកសារនានា សម្រាប់ត្រៀមកិច្ចសហប្រតិបត្តិការ លើសេចក្ដីព្រាងអនុស្សរណៈ នៃការយោគយល់គ្នាលើវិស័យដឹកជញ្ជូន ផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ រវាងប្រទេសទាំងពីរ ព្រមទាំងចែករំលែកនូវបទពិសោធន៍ បច្ចេកទេស ការបណ្តុះបណ្តាលផ្សេងៗ ដើម្បីឱ្យវិស័យដឹកជញ្ជូនមានការរីកចម្រើនឡើង៕








